ខេត្តពោធិ៍សាត់៖ ផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបលក់ឥវ៉ាន់ចាបហួយ ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងនិងរងរបួសម្ចាស់ផ្ទះម្នាក់ផងដែរ ខណៈម្ចាស់ផ្ទះដាក់ដាំបាយហើយបានផ្ទុះកំប៉ុងហ្គាស គ្រានោះភ្លើងក៏បានឆាបឆេះប៊ីដុងសាំងទើបឆេះរាលបែបនេះតែម្តង។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃ០៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទៃទឹកបឹងទន្លេសាប UTMX លេខ ០៤១៣៧១៩. ១៣៨៧៤៥៧ ស្ថិតក្នុងភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្ថិសុខ B.05 បានឲ្យដឹងថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះនោះជាផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ហើយមានទំហ៊ុមទទឹងប្រវែង ៥,៣ ម៉ែត្របីតឹក និងបណ្ដោយប្រវែង ៩,៥០ម៉ែត្រកន្លះ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តា (ផ្ទះលក់ឥវ៉ាន់ចាប់ហួយពេញ)។
ប្រភពបន្តថា ទំហ៊ុមការខូចខាតដោយសារអគ្គិភ័យឆាបឆេះដូចជា អង្ករចំនួន៥ការ៉ុង, ទូរទស្សន៍១គ្រឿង, សំលៀកបំពាក់, លុយ, មាស និងទំនិញឥវ៉ាន់ចាប់ហួយមួយចំនួនធំទៀត និយាយរួមការឆេះនិងការខូចខាតសម្ភារស្ទើរតែទាំងស្រុង ហើយនូវក្នុងហេតុការណ៍នេះបានរងរបួសម្ចាស់ផ្ទះម្នាក់ឈ្មោះ ឆាង ម៉ៅ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកក្រគរ។
ប្រភពដដែលបន្តទៀតថា មូលហេតុបណ្ដាលឲ្យកើតមានអគ្គិភ័យឆាបឆេះលំនៅដ្ឋានលើផ្ទៃទឹកបឹងទន្លេសាបខាងលើនេះដែរ ដោយសារម្ចាស់ផ្ទះគាត់ដាក់ដាំបាយហើយបានផ្ទុះកំប៉ុងហ្គាស ខណៈនោះភ្លើងកបានឆាបឆេះប៊ីដុងប្រេងសាំងដែលគាត់ដាក់លក់នៅលើផ្ទះយ៉ាងសន្ធោសន្ធៅតែម្តង ហើយសរុបតម្លៃនៃការខូចខាតគេមិនទាន់ដឹងនៅឡើយទេ ខណៈនៅកំពុងរវល់រៀងៗខ្លួនរឿងជួយអន្តរាគមន៍ពន្លត់ភ្លើង៕
ដោយ៖ ប៉ឹម ពិន