ខេត្តបាត់ដំបង៖ ទីតាំងប្រេងឥន្ធនមួយកន្លែងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ត្រូវបានមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យបន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់ថាមានបញ្ហាពេលចាក់សាំងរួច។
ជាក់ស្ដែងមន្រ្តីស៊ីបអង្កេត នៃសាខា ក.ប.ប. ខេត្តបាត់ដំបង និងមានកិច្ចសហការជាមួយមន្ទីរពាណិកម្មខេត្ត កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះបានចុះត្រួតពិនិត្យ និងសាកសួរម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែងដែលមានអតថិជន ដែលជាអ្នកប្រើប្រាស់ចូលចាក់ប្រេងរថយន្ត និងមានបញ្ហាបន្ទាប់ពីចាក់រួច។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងសាកសួរព័ត៌មានរួចមក មន្រ្តីជំនាញបានស្រង់យកសំណាកគំរូប្រេងទាំងនោះទៅវិភាគនៅមន្ទីរពិសោធន៍ធំ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដើម្បីរកសារធាតុដែលធ្វើឱ្យមានបញ្ហាដល់រថយន្តអតិថិជន។
ជាមួយគ្នានេះ មន្រ្តីជំនាញ ក៏បានបញ្ជាក់ថា ម្ចាស់ដេប៉ូ ក៏បានទទួលខុសត្រូវ និងសម្របសម្រួលជាមួយអតិថិជនតាមនីតិវិធី និងអតិថិជនបានព្រមព្រៀងលុបវីឌីអូចេញវិញផងដែរ៕ដោយ៖តារា