ភ្នំពេញ៖ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល២៤ខែ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ក្នុងពេលជាមួយគ្នានេះ លោកអគ្គនាយកស៊ីម៉ាក់ ក៏សូមអរគុណថ្នាក់ដឹកនាំអង្គការ NPAទាំងនៅការិយាល័យអូស្លូ និងនៅភ្នំពេញ ដែលបានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងសម្របសម្រួលជាមួយរដ្ឋាភិបាលអាឡឺម៉ង់ក៏សម្រេចផ្តល់ជំនួយនៅថ្ងៃនេះ។
ជំនួយនេះជាជំនួយថ្មីបន្តសម្រាប់គំរោងដែលមានស្រាប់ដែលកិច្ចប្រតិបត្តិការលើកការបោសសម្អាតគ្រាប់មីននៅខេត្តគោលដៅ រួមមាន៖ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕ដោយ៖តារា