ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើឆបោកទៅដាក់បណ្តឹងជាមួយសមត្ថកិច្ច។
ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា នៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ ហេតុអ្វីបានជា ពុកម៉ែ ពូមីង បងប្អូនមិនទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច នៅពេលរងគ្រោះដោយសារតែអំពើឆបោកមានដូចជា៖
១. ឆបោកក្រោមរូបភាពវិនិយោគ
២. ឆបោកក្រោមរូបភាពកម្ចីអនឡាញ
៣. ឆបោកក្រោមរូបភាពក្លែងអត្តសញ្ញាណ
៤. ឆបោកទំនាក់ទំនងស្នេហា
៥. ឆបោកក្រោមរូបភាពទិញលក់ឥវ៉ាន់
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏សូមលើកទឹកចិត្តឱ្យពុកម៉ែ ពូមីង បងប្អូនទាំងអស់ទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ចដើម្បីរកមុខជនខិលខូចទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុងសង្គមរបស់យើង ពិសេសវាជាមេរោគរ៉ំារ៉ៃនៅជាប់ជាមួយខ្លួនយើងជារៀងរហូត៕ដោយ៖តារា