ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទបានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៦ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ សម្ដេចក្រឡាហោម បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តបទុមវតីរាជវរារាម និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម។
សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ និងប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតីរាជវរារាម ក៏បានប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទាននូវនិច្ចសីលពីសំណាក់ព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ។
ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយ និងប្រគេនសម្តេចព្រះឧត្តមវង្សាព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណរបស់សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ៕