ខេត្តមណ្ឌលគីរី៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចំរើនដូចគ្នា ពីរាជរដ្ឋាភិបាល ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះខណៈ ឯកឧត្ដម ដឹកនាំមន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ចនៅបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលដែលឯកឧត្ដមដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណង ដើម្បីឱ្យមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែន ពិតប្រាកដ គឺមិនមានការរំកិលឬរំលោភយកដី ដូចការញ៉ុះញ៉ុងពីក្រុមជ្រុលនិយមឡើយ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។ នេះជាសារមួយ សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមអោយប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។
ឯកឧត្ដមបានបន្តថា៖ សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ានបោះទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយ ដាច់ឯកកោដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់និងខិតខំប្រឹងប្រែងទាំងអស់គ្នា។អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមចិត្តតែមួយ ឯកភាព ជាឯកច្ឆ័នការពារឱ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃសារវន្ត ដែលមិនអាចបាត់បង់បានទេចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះអោយបានរឹងមាំ ស្ថិតថេ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន ។
ឯកឧត្ដម បានបន្តថា៖ ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចយល់ច្បាស់ណាស់ថា បោះបង្គោលព្រំដែនដើម្បីធ្វើឱ្យកន្លែងព្រំដែននេះ ជាតំបន់អភិវឌ្ឍន៍ ។ ប្រទេសមានប្លង់រឹង កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំកន្លងមក។
ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីឱ្យកម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ សំរិត