ខេត្តព្រះសីហនុ៖ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា នាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS SPEY (P234) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។
នៅក្នុងឱកាសទទួលស្វាគមន៍នៅកំពង់ផែ លោកវរនាវីឯក មាន សាវឿន បានដឹកនាំនាយនាវីចំនួន ៤២រូប អញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកអង់គ្លេសមួយគ្រឿងនេះ ដឹកនាំដោយលោកវរនាវីទោ ប៉ូល ខេដឌី (Cdr Paul Caddy) មេបញ្ជាការនាវា និងកងនាវិក ៦៣រូប ។ ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូតប្រទេសទាំងពីរ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ឱ្យកាន់តែល្អប្រសើរឡើង ។
លោកនាយសេនាធិការរងមូលដ្ឋានសមុទ្ររាមរូបនេះ បន្ដថា នាវានេះ មានបណ្តោយជាង ៩០ម៉ែត្រ ទទឹងជាង ១៣ម៉ែត្រ កម្ពស់ជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៤ម៉ែត្រ ។ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជួបសំដែងការគួរសមជាមួយលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកប្រទេសអង់គ្លេស មានកម្មវិធីសប្បុរសធម៌ វប្បធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរទស្សនាការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុ។ល៕ដោយ៖តារា