ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ខ្ញុំបាទមើលឃើញថា ស្ថានភាពផ្លូវកាន់តែរួមតូច ព្រោះតែចិញ្ចើមផ្លូវត្រូវបានឈ្មួញ ឬអាជីវករយកធ្វើជាកន្លែង តាំងលក់របស់របររកស៊ីទៅហើយ។ កំណាត់ផ្លូវខាងមុខផ្សារដេប៉ូក៏ដូចជាមុខវិទ្យាល័យ បាក់ទូកសុទ្ធតែត្រូវបានរួមតូចដោយសារការដាក់តាំងទំនិញលក់។ ករណីនេះវាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់យ៉ាងខ្លាំង អាជ្ញាធរមិនដែលចាប់អារម្មណ៍ចំពោះករណីនេះឡើយ ។
ផ្លូវលេខ២១៥ត្រូវបានគេដាក់លក់រថយន្តជាប្រចាំ ផ្លូវនៅម្តុំផ្សារអូរឫស្សីក្លាយជា ចំណតម៉ូតូ រថយន្តគ្មានសណ្តាប់ធ្នាប់, ផ្លូវព្រះសីហនុក្លាយជាកន្លែងលក់ម៉ូតូ។ ការ លក់ម៉ូតូនៅតាមបណ្តោយផ្លូវព្រះសីហនុលយចូលជ្រៅដល់ចិញ្ចើមផ្លូវដែលអ្នកធ្វើ ដំណើរមិនអាចដើរបានឡើយ។ ផ្លូវសុកហុក១០៧) កំពុងបាត់បង់ចិញ្ចើមផ្លូវបន្តិច ម្តងៗ… ដែលប្រការនេះវាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍យ៉ាងខ្លាំង។ នៅ គ្រាដែលយានយន្តកាន់តែច្រើនឡើង ហើយផ្លូវកាន់តែរួមតូចនោះវាធ្វើឲ្យចរាចរណ៍ កាន់តែកកស្ទះជាញឹកញាប់ ។
ខ្ញុំបាទសង្កេតឃើញថា ការរំលោភចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈនេះបានកើតឡើងស្ទើរគ្រប់ខ្សែផ្លូវនៅក្នុងខណ្ឌ៧មករា។ ក្រៅពីចិញ្ចើមផ្លូវត្រូវបានអនុញ្ញាតឲ្យដាក់រថយន្តលក់ក៏មានផ្ទះប្រកបរបរអាជីវកម្មខ្លះមិនមានចំណតសម្រាប់អតិថិជនរបស់ខ្លួនឡើយ។ ផ្ទះលក់គ្រឿងសំណង់, ហាងគុយទាវមួយចំនួនគ្មានចំណតនោះទេ រថយន្ត ឬម៉ូតូភ្ញៀវតាមហាងទាំងនោះត្រូវបានចតនៅលើចិញ្ចើមផ្លូវ ។ ក្រៅពីនោះក៏មានម្ចាស់សំណង់ខ្លះបានសង់លើចិញ្ចើមផ្លូវសាធារណៈទៀតផង ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់សំណូមពរទៅអាជ្ញាធរក៏ដូចជាម្ចាស់អាជីវកម្ម«ដើម្បីតែផលប្រយោជន៍របស់ខ្លួនសូមកុំធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ» ហើយកុំអាងមានសែស្រឡាយធំធ្វើអ្វីស្រេចតែនឹងចិត្តនោះ។ អាជ្ញាធរគួរតែមានវិធានការ ច្បាស់លាស់រៀបចំសណ្តាប់ធ្នាប់ក្នុងទីក្រុង ពីព្រោះភូមិសាស្ត្រខណ្ឌ៧មករាកណ្តាលទីក្រុងដែលមានមនុស្សច្រើនកកកុញធ្វើដំណើររាល់ថ្ងៃ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់