ភ្នំពេញ៖ រថយន្តដឹកទំនិញប្រភេទធុនធំមួយគ្រឿង ត្រូវបានគេសង្ស័យថា ផ្ទុកទំនិញលើសទម្ងន់បើកឡើងស្ពានទៅមុខមិនរួច ក៏បានរអិលបុករនាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យ ។
ក្រោយពីកើតហេតុ អ្នកបើកបរ និងព្រូឡានបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ដោយឡែករថយន្តដែលផ្ទុកធ្ងន់លើសទម្ងន់នោះ នៅទទឹងស្ពាន បង្កការកកស្ទះដល់អ្នកដំណើរ ក្រោយមក ទើបឃើញសមត្ថកិច្ចសណ្តាប់ធ្នាប់ខណ្ឌ ក៏ដូចជានគរបាលចរាចរណ៍ផ្លូវគោករាជធានី ចុះមកវាស់វែង និងអូសរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ ។
រថយន្តបង្កហេតុម៉ាហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយពណ៌ក្រហម ពាក់ស្លាកលេខ ៣c ០០២៤ ប៉ុន្តែគេពុំទាន់ដឹងថា រថយន្តនេះ ជារបស់ក្រុមហ៊ុនណាមួយឡើយ ។
ប្រជាពលរដ្ឋបានសំណុំពរឲ្យសមត្ថកិច្ច និងជំនាញពាក់ព័ន្ធមេត្តាចាត់ការ ទៅលើក្រុមហ៊ុនដែលដឹកជញ្ជូនលើសទម្ងន់ បំផ្លាញផ្លូវ ស្ពានទាំងនេះឲ្យបានតឹងរ៉ឹងផង ពិសេស ពួកគេតែងបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងធ្ងន់បំផុត ៕
ដោយ៖ សុខ ខេមរា