ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានបន្ដប្រតិបត្តិការចុះទៅឃាត់ខ្លូន ជនជាតិចិនប្រុស-ស្រី២៥នាក់ ដែលបានបើកល្បែងអនឡាញ និងធ្វើការនៅកម្ពុជាដោយគ្មានសៀវភៅការងារនិងកំពុងស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រូលពី លោក សៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបញ្ចាក់ថា ជនជាតិចិនទាំង២៥នាក់នេះ ក្នុងនោះស្រី៤នាក់ ហើយត្រូវបានឃាត់ខ្លួនពីបទ បើកកន្លែងល្បែងភ្នាល់តាមអិនធឺណេត និងក្នុងនោះពិនិត្យឃើញ មានលិខិតឆ្លងដែន ២២ក្បាល ប្រើប្រាស់ទិដ្ឋាការE នៅមានសុពលភាព រយៈពេលមួយឆ្នាំ តែគ្មានសៀវភៅការងារត្រឹមត្រូវនោះទេ។
ក្រោយពីឃាត់ខ្លូនជនជាតិចិនទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅ អគ្គនាយដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ហើយនឹងត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជានៅពេលឆាប់ៗនេះ៕
ដោយ៖ ប្រាថ្នា