ភ្នំពេញ៖ តារាសម្តែងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនរូប ៤ជំនាន់នឹងរួមគ្នាសម្តែងក្នុងខ្សែភាពយន្តភាគថ្មីរបស់ផលិតកម្ម SKR Entertainment គឺរឿង «យាយស្ទាវ ចៅស្ទើរ»។ ការប្រកាសវត្តមានចូលរួមសម្តែងក្នុងរឿងខាងលើត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នៅទីតាំងផលិតកម្មនាបុរីវិមានភ្នំពេញ ក្រោមវត្តមានសិល្បករសិល្បការិនីជាច្រើនរូប។
តារាសម្តែង៤ជំនាន់ដែលនឹងរួមគ្នាបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តបែបកំប្លែងថ្មីខាងលើនេះមានដូចជាតារាសម្តែងជើងចាស់ទសវត្សរ៍ទី៦០គឺលោកស្រី ឌី សាវ៉េត លោកគង់ សុភី លោកស្រី សរ កេសារ៉ា តារាសម្តែងទសវត្សរ៍ទី៩០ លោក ទេព រិន្ទដារ៉ូ និងតារាជំនាន់ក្រោយៗជាច្រើនរូបទៀតដូចជាកញ្ញា វីត វីត កញ្ញា ឌួង ម៉ានិច លោក លាង ឧត្តម និងតារាសម្តែងជាច្រើនរូបទៀត។ ខ្សែភាពយន្តនេះនឹងត្រូវដឹកនាំសម្តែងដោយលោក គង់ សុភី និពន្ធដោយលោកស្រ៊ិន សុខមាន។
អ្នកស្រី សរ កេសារ៉ា តារាសម្តែងជើងចាស់ និងជាចាងហ្វាងផលិតកម្ម ផលិតកម្ម SKR Entertainment បានបញ្ជាក់ថា ការសម្រេចចិត្តបើកផលិតកម្មផលិតខ្សែភាពយន្តព្រោះតែការស្រលាញ់ចូលចិត្តនិងចង់ចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈតាមរយៈវិស័យភាពយន្ត ហើយកន្លងមកលោកស្រីធ្លាប់ក៏ធ្លាប់បានបើកដំណើរការផលិតកម្មកណ្តឹងមាសភាពយន្ត។
លោកស្រីបន្តថា ការវិលមកចូលរួមអាជីពសិល្បៈសម្តែងនេះឡើងវិញដែលព្រោះតែលោកស្រីសង្កេតឃើញពីការរីកចម្រើនខ្លាំងក្នុងវិស័យនេះទាំងផ្នែកតារាសម្តែង និងបច្ចេកទេស។ លោកស្រីបញ្ជាក់ថា ខ្សែភាពយន្តនេះមានប្រមាណជា៣០ភាគដែលនឹងសម្រិតសម្រាំងទាំងសាច់រឿង និងគុណភាពនៃការផលិត ដោយគ្រោងនឹងចំណាយពេលផលិតប្រមាណពីបីទៅបួនខែ ប៉ុន្តែខ្ទង់ទុនចំណាយនៅមិនទាន់ប្រាកដនៅឡើយ។ លោកស្រីបន្តទៀតថា ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ហើយនឹងបន្តយកទៅលក់បន្តទៅដល់ប្រជាជនខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្រៅពីខ្សែភាពយន្តនេះអ្នកស្រីក៏គ្រោងនឹងចេញផលិតខ្សែភាពយន្តថ្មីៗប្រមាណ៥រឿងបន្តទៀត។
កញ្ញា វីត វីត បានបញ្ជាក់ថា កន្លងមកកញ្ញាបានផ្អាកការសម្តែងជាច្រើនឆ្នាំមកហើយដោយសារតែមមាញឹកនឹងការងារជាពិធីការិនី និងជាតារាបង្ហាញម៉ូត ប៉ុន្តែដោយការផ្តល់ឱកាសនិងឆ្លៀតពេលសម្រាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។ នាងបញ្ជាក់ថា នាងគឺជាតួអង្គសំខាន់មួយដែលជាចៅស្រីរបស់លោកស្រី ឌីសាវ៉េត និងជាកូនអ្នកស្រី សរ កេសារ៉ា។ កញ្ញារំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដែលខ្សែភាពយន្តនេះចាក់បញ្ចាំងនៅលើទូរទស្សន៍។
លោក ទេព រិន្ទដារ៉ូ តារាសម្តែងជើងចាស់បានបញ្ជាក់ថា លោកពិតជារីករាយក្នុងការរួមគ្នាជាថ្មីជាមួយតារាសម្តែងជើងចាស់ និងតារាជំនាន់ក្រោយដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ លោកបន្តថា នៅរឿងនេះនឹងមានទស្សនីយភាពប្លែកភ្នែកដែលមិនត្រឹមតែតារាសម្តែងក្មេងចាស់ជាច្រើនជំនាន់រួមគ្នាសម្តែងទេថែមទាំងជារឿងកំប្លែងប្លែកពីរឿងដទៃ។ លោកជឿជាក់ថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីមហាជនពេលដាក់បញ្ចាំង។
ក្រៅពីសិល្បករខ្មែរក៏មានសិល្បករបរទេសចូលរួមសម្តែងខ្សែភាពយន្តនេះផងដែរ។ លោកស្រី Mariam Arthur បានបញ្ជាក់ថា កន្លងមកលោកស្រីធ្លាប់បានប្រឡូកជាមួយនឹងការងារភាពយន្តជាមួយសិល្បករ ហើយពេលនេះលោកស្រីបានចូលរួមសម្តែងជាថ្មីជាមួយសិល្បករខ្មែរដែលពោពេញដោយសមត្ថភាព ភាពជឿជាក់ និងភាពរួសរាយរាក់ទាក់។ លោកស្រីថានឹងបន្តជួយជំរុញលើកទឹកចិត្តដល់ការផលិតខ្សែភាពយន្តខ្មែរដើម្បីទទួលបានគុណភាពមួយប្រកួតប្រជែងនៅលើទីផ្សារ៕
ដោយ៖ វឌ្ឍនា