ក្រៀកកមន្ត្រីនគរបាលជាតិប្លន់កាបូបលុយបានសម្រេច​ តែទីបំផុតដៃជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ២០២៤ នេះ បានបង្ហាញមុខជាសាធារណៈមុនបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ បទល្មើសអំពើ លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ចាប់ក្រៀកកហែកហោប៉ៅខោជនរងគ្រោះប្លន់យកកាបូបលុយ) កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចក្រោមស្ពានអាកាស(ក្រវ៉ាត់ក្រុងទី៣) ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម ថេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារ:បាត់បង់: គ្មាន
សម្ភារៈបន្សល់ទុក៖ ១/កាបូបលុយ ពណ៌សូកូឡាចំនួន០១, ក្នុងនោះក៏មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ,អត្តសញ្ញាណបណ្ណនគរបាលជាតិ ,ប័ណ្ណបើកបរ ,កាតATM ,ប័ណ្ណសំគាល់យានយន្ត ,កាតចាក់វ៉ាក់សាំង ,ប័ណ្ណបសស និងមួកសុវត្ថិភាព ពណ៌សចំនួន០១ (របស់ជនរងគ្រោះ) ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះឈ្មោះ លឹម ថេង ភេទប្រុស អាយុ៥០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគី ណូវ៉ា ម្នាក់ឯង ចេញពីបន្ទាយក្រាំងចេក ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីត្រឡប់មកផ្ទះ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចក្រោមស្ពានអាកាស(ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះបានឈប់ម៉ូតូ ស្រាប់តែមានជនសង្ស័យឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ បានដើរចេញពីក្រោមស្ពានអាកាសទៅពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពយកដៃស្តាំក្រៀក ក ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរះជនសង្ស័យក៏បានបោកជនរងគ្រោះផ្តួលទៅដី ហើយឡើងសង្កត់លើ យកដៃឆ្វេងទាញខ្សែមួកសុវត្ថិភាពរឹតក ជនរងគ្រោះ នឹងយកដៃស្តាំហែកហោប៉ៅខោខាងស្តាំ យកកាបូបលុយរបស់ជនរងគ្រោះ រួចជនសង្ស័យបាត់រត់គេចខ្លួន ចូលទៅក្នុងវាលស្រែ ។ ពេលនោះជនរងគ្រោះបានរត់ដេញតាមពីក្រោយ និងស្រែកឆោឡោថាចោរៗ ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ បានទៅដល់អន្តរាគមន៍ឃាត់ខ្លួនសង្ស័យខាងលេីបាន រួមនិងវត្ថុតាង(របស់ជនរងគ្រោះ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់ក្រៀកកប្លន់យកកាបូបលុយរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print