ភ្នំពេញ ៖ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
– សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាទីស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅ
– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ដែលមានវត្តមាន នៃអង្គ ពិធីទាំងមូល ជាទីមេត្រី
– ជនរួមជាតិ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ
ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយជាអនេក ដោយបានចូលរួមជា ព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ដ៏ល្អវិចិត្រ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ប្រជាជាតិខ្មែរយើង ។ កាលពីឆ្នាំ២០២៣កន្លងទៅ ព្រះរាជាណាចក្រកម្ពុជានៃយើង បាន ប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ ដ៏អធិកអធមជាប្រវត្តិសាស្ត្រ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមាន រដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថាប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើង និង ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង ។
ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើរបាយការណ៍ ប្រកបដោយខ្លឹមសារដ៏មានសារសំខាន់ អំពីទស្សនាទាន និងដំណើរការស្ថាបនា វិមានរដ្ឋធម្មនុញ្ញ ដែលជាបូជនីយដ្ឋានតំណាងរដ្ឋធម្មនុញ្ញ នៃជាតិយើង ។
ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណា ចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវ បានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ប្រកបដោយភាពបុិនប្រសប់ ឈ្លាសវៃ ដ៏ឆ្នើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ ឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង “ ការពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន ។ សមិទ្ធផល ធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស ។
សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី ៖ * យើងប្រជារាស្ត្រខ្មែរ រូបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគត រុងរឿងនៃប្រជាជាតិយើង ។”
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាទីមេត្រី អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេល មួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹងនូវគុណបំណាច់របស់ ឥស្សរជនស្នេហាជាតិ ជាស្ថាបនិកនិងជាប្រតិបត្តិករ នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមគោរពចំពោះវិញ្ញាណក្ខន្ធ របស់ឥស្សរជន ដែលបានខិតខំរូបរួមគ្នាយ៉ាងស្វិតស្វាញ កសាងរដ្ឋធម្មនុញ្ញចាប់ពីឆ្នាំ១៩៩៣ មក ហើយដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធឥស្សរជនទាំងនោះ បានប្រកបដោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានហឫទ័យរំភើបជាអនេក ពេលបានឃើញ វិមានរដ្ឋធម្មនុញ្ញ ត្រូវ បានស្ថាបនារួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្របែបនេះ ។ ផ្អែកតាមខ្លឹមសារ នៃរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ យើងអាចសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង ។
ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ដឹកនាំ បានឧបត្ថម្ភ គាំទ្រដល់កិច្ចកសាងវិមាននេះរហូតសម្រេចជាស្ថាពរ។ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តួចផ្តើមគំនិត, បង្កើតទស្សនាទាន, និងដឹកនាំការកសាងវិមានរដ្ឋ ធម្មនុញ្ញ ដ៏ពិសិដ្ឋនេះឡើង នៅលើទីតាំងប្រកបដោយជយភូមិ ដែលជាសំណង់បេតិកភណ្ឌជាតិ ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញអំពីតំណភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងអតីតកាល ដ៏ថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តុង្គឧត្តម, កិត្យានុភាពខ្ពង់ខ្ពស់ តាំងពីបុរាណកាលរៀងមក ។ សូមកោតសរសើរបណ្ឌិតជាស្ថាបត្យករ, នីតិបញ្ញវន្ត, វរសិល្បករ និងក្រុមជាងគ្រប់ផ្នែកទាំងឡាយ ដែលបានរួមចំណែកក្នុងដំណើរការកសាង វិមានរដ្ឋធម្មនុញ្ញ នេះ រហូតទទួលបានសមិទ្ធផលដ៏ល្អស្កឹមស្កៃនេះឡើង។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ជនរួមជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការជានិច្ច និរន្តរ៍តទៅ ៕