អុីស្រាអែលស្វែងរកមេដឹកនាំហេសបូឡាហ៍ទី៣ «ស្លាប់ជិត ៥០០នាក់» នៅលីបង់

ចែករំលែក៖

នៅថ្ងៃទី 23 ខែកញ្ញា កងកម្លាំងអាកាសអុីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីក្រុង Dahiyeh ដែលជាទីតាំងរឹងមាំនៃចលនា Hezbollah ភាគខាងត្បូងនៃរដ្ឋធានី Beirut ប្រទេសលីបង់។

ការវាយប្រហារនេះគឺមានគោលបំណងសម្លាប់លោក Ali Karaki ឥស្សរជនទី ៣ របស់ក្រុមហេសបូឡាហ៍។ លោក Ali Karaki គឺជាមេបញ្ជាការយោធាលំដាប់ខ្ពស់បំផុតដែលនៅសេសសល់នៃកងកម្លាំងនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលបានសម្លាប់មេបញ្ជាការកងកម្លាំង Radwan របស់ Hezbollah លោក Ibrahim Aqil – កាលពីថ្ងៃទី 20 ខែកញ្ញា។
សារព័ត៌មាន Al Mayadeen របស់ប្រទេសលីបង់បានរាយការណ៍ថា យ៉ាងហោចណាស់មានកាំជ្រួចចំនួនបីត្រូវបានបាញ់ទៅលើទីតាំងរបស់លោក Ali Karaki ។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីកងកម្លាំង Hezbollah ដែលបានបញ្ជាក់នៅលើ Telegram ថា មេដឹកនាំជាន់ខ្ពស់ Ali Karaki នៅតែមានសុវត្ថិភាព ហើយបានផ្លាស់ទៅកន្លែងមានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញក្នុងរយៈពេល 3 ម៉ោងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut ។
លោក Ali Karaki គឺជាប្រមុខរណសិរ្សភាគខាងត្បូង ដែលទទួលខុសត្រូវលើការវាយប្រហារឆ្លងកាត់ព្រំដែនអុីស្រាអែល។ គាត់ត្រូវបានគេជឿថា ត្រូវបានជ្រើសរើសដោយក្រុមហេសបូឡាហ៍ដើម្បីស្នងតំណែងលោក Aqil។
សារព័ត៌មាន Al Jazeera បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលីបង់ ដែលនិយាយថា គិតត្រឹមចុងថ្ងៃទី ២៣ ខែកញ្ញា ចំនួនមនុស្សស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅក្នុងប្រទេសនេះបានកើនដល់ ៤៩២នាក់ ក្នុងនោះកុមារ ៣៥នាក់ និងស្ត្រី៥៨ នាក់។ បន្ថែមពីលើនេះ មនុស្សយ៉ាងហោចណាស់ ១.៦៤៥នាក់បានរងរបួស។ នេះអាចចាត់ទុកថាជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតនៅលីបង់ចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០មក៕ ដោយធីរីណា


រូប​ថត​: Reuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print