នៅថ្ងៃទី០៦ ខែសីហា នៅរម្មណីយដ្ឋានសន្តិភាព រដ្ឋាភិបាលទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានប្រារពខួបលើកទី៧១ឆ្នាំ ថ្ងៃដែលអាមេរិកទម្លាក់គ្រាប់បែកចូលទៅកាន់ទីក្រុងនេះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ នៅក្នុងពិធីនោះមានការចូលរួមពីតំណាងមកពី៧១ប្រទេសជុំវិញពិភពលោក ក្នុងនោះមានប្រទេសដែលមានបរម៉ាណូ ដូចជា អាមេរិក, អង់គ្លេស,បារាំង និងរុស្ស៊ី ក៏ដូចជាប្រទេសសហគមន៍អឺរ៉ុបជាច្រើនទៀត។
ពិធីគោរពវិញ្ញាណក្ខន្ធជារៀងរាលឆ្នាំធ្វើឡើងក្រោយប៉ុន្មានខែប៉ុណ្ណោះ ដែលប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា បានទៅកាន់ទៅកាន់ទីគោរពបូជាអ្នកស្លាប់ដោយបរមាណូរបស់អាមេរិកជាលើកតំបូងបង្អស់រយៈពេល៧១ឆ្នាំកន្លងមក។
នៅវេលាម៉ោង៨និង១៥នាទីជាពេលវេលាដែលគ្រាប់បែកបរមាណូមានរហ័សនាមថា ក្មេងតូច បានផ្ទុះនៅកម្ពស់ពីដី៦០០ម៉ែត្រក្នុងទីក្រុងហីរ៉ូស៊ីម៉ា សម្លាប់មនុស្សស្លូតត្រង់ជាង ១៤០.០០០នាក់ ក្លាយជាអ្នកស្លាប់ដំបូងគេបង្អស់នៅលើពិភពលោកដោយគ្រាប់បែកបរមាណូ។
មានប្រសាសន៍នៅក្នុងពិធីនោះអភិបាលក្រុងហីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវដល់បណ្តាមេដឹកនាំនៅលើពិភពលោកទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធនៅទីក្រុងហីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដើម្បីអាចទទួលអារម្ភពិតក្នុងពេលដែលគ្រាប់បែកបរមាណូបានផ្ទុះនៅទីនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី