អភិបាលខេត្តកំពត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

ខេត្តកំពត ៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏ស៊ីជម្រៅ និងមានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ននេះ។ កំណែទម្រង់នេះបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តទាំង២៥ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងខេត្ត។

លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា តាមការអនុវត្តកន្លងមក កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានជួយកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍ នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះ បានរួមចំណែក ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលបានចូលរួមចំណែក ដល់ការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។

លោក បន្ថែមថា ទោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានការវិវឌ្ឍទៅមុខជាលំដាប់ស្របតាមដំណាក់កាលនីមួយៗដូចបានកំណត់នៅក្នុងកម្មវិធីជាតិ រួមជាមួយនឹងការបង្កើតបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នកំណែទម្រង់នេះ បាននិងកំពុងឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងកាន់តែសាំញាំ ទាំងក្នុងកិច្ចការនយោបាយ និងផ្នែកបច្ចេកទេស ដែលទាមទារឲ្យមានកិច្ចសហការ ការចូលរួម និងការគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបន្តអនុវត្តកិច្ចដំណើរការកំណែទម្រង់ ក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិ ដើម្បីធានាឲ្យប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងកាន់តែមានគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត ឲ្យរឹងមាំកាន់តែល្អប្រសើរ។

សូមជម្រាបថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដើម្បីសិក្សាអំពីធាតុចូលផ្សេងៗក្នុងការអនុវត្តកន្លងមក និងដាក់ចេញនូវវិធានការ ដំណោះស្រាយបន្ថែម និងការធ្វើកំណែទម្រង់ក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print