លោក វង សូត៖ យុវជនរស់នៅក្នុងសម័យសន្តិភាព ត្រូវចេះចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

លោកបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្តល់ឱកាសឱ្យជួបសារជាថ្មីជាមួយក្មួយៗ ព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំង១៦រូប ដែលតំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកបានគូសបញ្ជាក់ថា ក្មួយៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីអនាគតរបស់យុវជន ផ្តល់អាទិភាពដល់តួនាទីរបស់យុវជន ក៏ដូចជាផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សជាដើម ។ ជាក់ស្តែង ក្មួយៗមានឱកាសក្នុងការចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដ៏មានសារៈសំខាន់នេះ ដូច្នេះក្មួយៗយុវជនទាំងអស់ ត្រូវចេះចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

តាំងពីនីតិកាលទី៦ មកដល់នីតិកាលទី៧នេះ រដ្ឋសភាបានរៀបចំឱ្យមានក្រុមសមាជិកសភាវ័យក្មេងផងដែរ ដើម្បីធ្វើជាតំណាងរបស់យុវជនចូលរួមវេទិការជាតិ និងវេទិការអន្តរសភានានា។ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយយុវជនបន្តវេន ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តចំពោះសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាបន្ត ដែលត្រូវរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានការជឿនលឿនបន្ថែមទៀត។

លោក បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សានូវឥរិយាបទ និងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាព និងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេស ត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិយើង។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកនេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ចិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ៕

...

ប្រភព ៖ រដ្ឋសភាជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print