សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃ ២៤ខែកញ្ញា ប្រទេសសិង្ហបុរីទើបតែបានដាក់ដំណើរការជាផ្លូវការនូវនាវាមុជទឹកទំនើបថ្មីចំនួន២គ្រឿង។
ពួកវាគឺជានាវាមុជទឹកគ្រឿងទី៥ និងទី៦ របស់បុរីរដ្ឋមួយនេះ។ នាវាមុជទឹក Invincible និង Impeccable ត្រូវបានបញ្ជាទិញពីក្រុមហ៊ុនអាល្លឺម៉ង់ ThyssenKrupp Marine System តាំងតែពីឆ្នាំ២០១៣ ក្នុងកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់១ពាន់លានអឺរ៉ូ។ នាវាមុជទឹកទាំង២គ្រឿងនេះ ជាប្រភេទទំនើបថ្មី ហៅថា Invincible-class ហើយពួកវានឹងចូលរួមជាមួយ នាវាមុជទឹកស៊េរីមុនៗ គឺArcher-class និង Challenger-class របស់សិង្ហបុរី។
ប្រទេសដែនកោះតូចមួយនេះ នៅមាននាវាមុជទឹកប្រភេទ Invincible-class ២គ្រឿងទៀត ឈ្មោះថា Illustrious និង Inimitable ដែលត្រូវបានសាងសង់រួចរាល់ ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយ។ ប្រទេសជិតខាងសិង្ហបុរី គឺឥណ្ឌូណេស៉ី ក៏បានផ្តោតការវិនិយោគលើនាវាមុជទឹកផងដែរ ដោយបានបញ្ជាទិញនាវាប្រភេទ Scorpene-class ស៊េរីថ្មីចំនួន២គ្រឿងពីក្រុមហ៊ុនបារាំង Naval Group ខណៈម៉ាឡេស៉ីធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទ Scorpene-class ស៊េរីចាស់២គ្រឿង៕ ដោយធីរីណា
រូបថត: baotintuc