ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។
សូមជម្រាបជូនថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃនេះ គឺជាការផ្តល់កិត្តិយសយ៉ាងធំធេងសម្រាប់និស្សិតបញ្ចប់ការសិក្សា និងជាការបង្ហាញឱ្យឃើញពីការផ្តល់តម្លៃខ្ពស់លើការអប់រំ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបង្កើតមូលធនមនុស្ស។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧០,៣៣៦នាក់ (នារី ២៨,២៧១នាក់ ត្រូវជា ៤០.១៩ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៤៨នាក់ (នារី ១១០នាក់ ត្រូវជា ៤៤,៣៥ភាគរយ)។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៨៣៥ នាក់ (នារី ២១០នាក់ ត្រូវជា ២៥,១៥ ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៨,៥៥១នាក់ (នារី ៩,៦០៨នាក់ ត្រូវជា ៥១,៧៩ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៦៨នាក់ នារី ៤០នាក់ ដែលរួមមាន ជនជាតិបារាំង កេនយ៉ា រ៉ូម៉ានី និងឡាវ។
និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាពេលនេះមានចំនួនសរុប ៣,៥៣០នាក់ (នារី ១.៨២២នាក់ ត្រូវជា ៥១,៦១ភាគរយ) ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ២,៩៤២នាក់ (នារី ១,៥៩៦នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៨៨នាក់ (នារី ២២៦នាក់)។
ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពអប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន បានចំនួន ៦០ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យជាដៃគូនានាបានចំនួន ១.៩០០នាក់។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៣៣នាក់ (នារី ២២នាក់) ទៅបន្តការសិក្សានៅបរទេស ក្នុងនោះថ្នាក់បណ្ឌិតមានចំនួន ១នាក់(ជានារី) ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៣២នាក់ (នារី ២១នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ចនៅប្រទេសបារាំង ស៊ុយអែដស៍ ហូឡង់ អាមេរិក ចិន ជប៉ុន ថៃ ស្វីស អូស្រ្តាលី ណូវែលសេឡង់ និងចក្រភពអង់គ្លេស ព្រមទាំងបានបញ្ជូននិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន៤៦នាក់(នារី៣២នាក់) នៅប្រទេសបារាំង ថៃ ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ជប៉ុន អាមេរិក អាឡឺម៉ង់ និងអ៊ីតាលី ។ ក្រៅពីនេះ មាននិស្សិតចំនួន ៣០រូប បែងចែកជា៨ក្រុម បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពាក់ព័ន្ធនឹងនីតិអន្តរជាតិ នៅប្រទេសអាមេរិក អូទ្រីស ចិន នេប៉ាល់ ហូឡង់ និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២៤ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ១៥រូប ទៅចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិ នៅប្រទេសជប៉ុន ម៉ាឡេស៊ី អាឡឺម៉ង់ និងអូស្រ្តាលីផងដែរ៕
ដោយ៖តារា