ភ្នំពេញ÷ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១១.៨ ភាគរយធៀបនឹងឆ្នាំ២០២៣ ក្នុងរយៈពេលដូចគ្នាមានទំហំទឹកប្រាក់ ៩.៣៨ ពាន់លានដុល្លារ។ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ស្មើនឹងប្រមាណ ២៨.៤ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ ពាន់លានដុល្លារ។
របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែសីហាកម្ពុជាបាននាំចេញផលិតផលចម្រុះទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ ប្រមាណ ៣.៤៣ ពាន់លានដុល្លារ កើនឡើង ១០ ភាគរយ ពី ៣.១១ ពាន់លានដុល្លារក្នុងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលរបស់ប្រទេសកម្ពុជាពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧.០៦ ពាន់លានដុល្លារ កើនឡើង ១២.៥ ភាគរយ ពី ៦.២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ប្រភពដដែលបញ្ជាក់ថា ក្នុងអំឡុងពេល៨ខែនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជាជាមួយអាស៊ានមានចំនួន ២៨.៤ ភាគរយនៃទំហំពាណិជ្ជកម្មសរុប ៣៦.៩ ពាន់លានដុល្លារ ហើយដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ប្រទេសក្នុងអាស៊ានគឺ ប្រទេសវៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។
ដោយឡែកក្នុងទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាននេះដែរ គឺប្រទេសចិន ហើយប្រទេសកម្ពុជាដែលចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ (ថ្ងៃទី២៤-២៨ ខែកញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគលើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករ។
ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការតំបន់ទូលំទូលាយរវាងចិន និងអាស៊ាន និងក៏ជាឱកាស ដ៏ល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាមដៃគូពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន៕