រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្ម​កម្ពុ​ជា​-​អាស៊ាន​មានទំហំទឹកប្រាក់ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក

ចែករំលែក៖

ភ្នំពេញ÷ ​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករបង្ហាញថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេសដែលជា​សមាជិក​អាស៊ាន ក្នុង​រយៈពេល ៨ ខែ​​នៃ​ឆ្នាំ ២០២៤​ មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក ​កើនឡើង ១១.៨ ភាគរយ​ធៀបនឹង​ឆ្នាំ២០២៣ ក្នុងរយៈពេល​ដូចគ្នាមានទំហំទឹកប្រាក់ ៩.៣៨ ពាន់​លាន​ដុល្លារ។ទំហំពាណិជ្ជ​កម្មកម្ពុជា-អាស៊ាន​ ស្មើនឹងប្រមាណ ២៨.៤ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ ពាន់​លាន​ដុល្លារ​។

របាយ​ការណ៍ដដែល​​បាន​ឱ្យ​ដឹង​ថា គិតចាប់ពីខែមករា រហូត​ដល់ខែសីហាកម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រមាណ ៣.៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ ភាគរយ​ ពី ៣.១១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូល​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧.០៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១២.៥ ភាគរយ​ ពី ៦.២៧ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ប្រភពដដែលបញ្ជាក់​ថា​ ក្នុង​អំឡុងពេល​៨ខែ​​នៃ​ឆ្នាំនេះ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុប ៣៦.៩ ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុង​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។

ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ហើយប្រទេសកម្ពុជាដែលចូលរួមក្នុង​ពិព័រណ៍​ចិន-អាស៊ានលើកទី២១ (ថ្ងៃទី២៤-២៨ ខែកញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅជំរុញ​ឱ្យ​ពាណិជ្ជករ និងអ្នកវិនិយោគ​លើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាព​កសិករ។

...

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់​មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាង​ប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការ​តំបន់​ទូលំ​ទូលាយ​រវាងចិន និងអាស៊ាន និងក៏ជាឱកាស ដ៏ល្អមួយសម្រាប់ការប្រា​ស្រ័យ​ទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាម​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print