ភ្នំពេញ៖ តារាសម្តែងសិចស៊ី កញ្ញា ដេនី ក្វាន់ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការបើកដំណើរការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់ និងហាងលក់គ្រឿងសង្ហារឹម ដែលចាយទុនខ្ទប់ម៉ឺនដុល្លារ។ អ្វីដែលភ្ញាក់ផ្អើលគឺនាងបានបង្ហាញគ្រឿងពេជ្រមួយឈុតដែលមានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារដែលនាងអះអាងថា ជាកាដូរគូស្នេហ៍ជាមន្ត្រីយោធាផ្តល់ឲ្យនៅថ្ងៃនេះ។
កម្មវិធីសម្ពោធនហាងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ ដេនីក្វាន់ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ក្រោមវត្តមានភ្ញៀវប្រមានជិត២០០នាក់ ហើយលោក រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានធ្វើជាគណៈអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធផងដែរ។
បើទោះបីជាមិនមានភ្ញៀវច្រើនចូលរួមក្នុងពិធីនេះក៏តារាសម្តែង ដេនីក្វាន់ បានបង្ហាញពីអារម្មណ៍រីករាយជាមួយនឹងមុខជំនួញថ្មីដែលបើកដំណើរការ។ នាងថា ដោយទើបនឹងរៀបចំពីធីខួបកំណើតប្អូនប្រុសហើយទើបនាងមិនហ៊ានរំខាន់ដល់អ្នកសិល្បៈគឺមានតែអ្នកជិតដិតប៉ុណ្ណោះដែលត្រូវអញ្ជើញ។ នាងបន្តថា ការបើកដំណើរការហាងថែរក្សាសម្រស់ និងហាងសង្ហារឹមនេះគឺដោយសារតែវាគឺជាបំណងប្រាថ្នារបស់នាងជាយូរមកហើយ។ តារាស្រីរូបនេះលើកឡើងថា ហាងលក់គ្រឿងសង្ហារឹមរបស់នាងបើកដំណើរការយូរមកហើយ ប៉ុន្តែមិនទាន់បានបើកសម្ពោធទើបរួមគ្នាជាមួយនឹងហាងរក្សាសម្រស់នៅពេលនេះតែម្តងទៅ។ នាងបន្តថា ហាងទាំងពីរគឺនាងបានចំណាយទុនប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក ដែលមិនគិតរឿងទិញផ្ទះដែលមួយជុងៗមិនក្រោម៣០ម៉ឺនដុល្លារអាមេរិកនោះទេ។ អ្វីដែលកាន់តែធ្វើឲ្យនាងរំភើបចិត្តសម្រាប់ថ្ងៃនេះគឺនាងទទួលបានកាដូពីគូស្មេហ៍ជាមន្ត្រីយោធា គឺគ្រឿងពេជ្រមួយឈុតតម្លៃជាង១០ម៉ឺនដុល្លារ។ នាងថា គូស្នេហ៍នាងមិនបានមកចូលរួមក្នុងកម្មវិធីនេះទេដោយសារមានភារៈកិច្ចបន្ទាន់ចេញទៅបរទេស ។ នាងមិនបានបញ្ជាក់លម្អិតអំពីអត្តសញ្ញាណគូស្នេហ៍នាងទេប៉ុន្តែនាងថា គូស្នេហ៍នាងគឺជាមន្ត្រីយោធាដែលមានពាក់ផ្កាយនៅលើស្មាហើយបានស្គាល់គ្នាប្រមាណ២ឆ្នាំមកហើយ។ នាងថា កាដូជាគ្រឿងពេជ្រជាលើកដំបូងពីគូស្នេហ៍នេះពិតជាធ្វើឲ្យនាងរំភើបចិត្តរកអ្វីប្រៀបមិនបាន។ ទោះជាយ៉ាងណានាងបញ្ជាក់ថា ហាងដំណើរការទាំងពីរនេះមិនមានចំណែកច្រើនពីការជួយជ្រោមជ្រែងរបស់គូស្នេហ៍ឡើយ ប៉ុន្តែនាងសប្បាយចិត្តដែលគូស្នេហ៍នាងតែងលើកទឹកចិត្ត និងផ្តល់ជាយោបល់ជានិច្ចសម្រាប់នាង។
នាងរំពឹងដែរថា ហាងថែរក្សាសម្រស់ និងហាងលក់គ្រឿងសង្ហារឹមរបស់នាងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា