ខេត្តសៀមរាប÷ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត សៀមរាបតំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមអមដំណើរ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានណែនាំឱ្យមានការយកចិត្តទុកដាក់លើសុវត្ថិភាពជនងាយរងគ្រោះ មនុស្សចាស់ ជនពិការភាព កុមារជាដើម ព្រមទាំងណែនាំចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងឃុំត្រូវសិក្សាពីកម្ពស់ទឹកជំនន់តាមបណ្តាឆ្នាំ ហើយកសាងឱ្យបានខ្ពស់ដើម្បីផ្តល់ជាប្រយោជន៍ការធ្វើដំណើរ ហើយក៏អាចធ្វើជាទីទួលសុវត្ថិភាពនៅពេលមានទឹកជន់ផងដែរ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយស្រុកជីក្រែង និងឃុំពាក់ព័ន្ធ សហការជាមួយគណៈកម្មាធិការប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខា បានជម្លៀសបងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈទៅទីទួលសុវត្ថិភាព និងបានបន្តចុះអន្តរាគមន៍ផ្តល់ជំនួយសង្គ្រោះសម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀង ទឹកស្អាត អនាម័យ ជម្រកនិងសន្តិសុខជាប្រចាំ៕