គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា! ទឹកជំនន់​បានបំផ្លាញផ្ទៃដីលិចទឹកនៅក្នុងខេត្ត​ក្រចេះ​ ខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិកតា

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ! ផ្ទៃដីលិចទឹកនៅក្នុងខេត្ត​ក្រចេះទាំងមូលមានចំនួន ៨ ២៥៨ ហិកតា ក្នុងចំណោមនោះមាន​ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃ​ពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ដំណើរចុះពិនិត្យ និងវាយតម្លៃនោះ ក៏មានការចូលរួមពីលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់​រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣​ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និត និងជាប់ជាប្រចាំ​ ជាមួយ​អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូន​ទៅក្រសួងកសិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្រជាកសិករស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print