៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ គិតមកត្រឹមថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសរុបចំនួន ៨.១៦២សន្លឹកដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាលទ្ធផលនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមស្នើសុំសេវាពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងប្រើគ្រប់វិធីសាស្ត្ររបស់មន្ត្រី។

វិធីសាស្ត្ររបស់មន្ត្រី ត្រូវបានលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ពន្យល់ត្រួសៗថាមានជាអាទិ៍ ការបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទាំងតាមមូលដ្ឋាន និងនៅផ្សារទំនើប ការចល័តចុះទៅធ្វើតាមបណ្ដាភូមិ ឃុំ សាលារៀន និងវត្តអារាម ក្នុងនោះរួមទាំងក្រុមរថយន្តចល័តដែលក៏បាននិងកំពុងបង្កើនសកម្មភាពចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណដល់ទីវត្ត ដែលប្រជាជនកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌផងដែរ។

ដោយឡែក បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មួយសប្តាហ៍មកនេះដែរ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ ក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង១មុឺនសេវាផ្សេងទៀតជូនប្រជាពលរដ្ឋដែរ រួមមាន សេវាលិខិតឆ្លងដែនបានចំនួន៤.១០៩សន្លឹក សៀវភៅស្នាក់នៅចំនួន២.១៩៥ ក្បាល សៀវភៅគ្រួសារចំនួន ១.៦៩៣ ក្បាល និងលិខិតធ្វើដំណើរមានចំនួន ១.៣៦៨សន្លឹក។

សូមរំលឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេស ពិនិត្យលទ្ធភាពរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនពលរដ្ឋ ស្របតាមគោលការណ៍ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕

...

ដោយ ៖ លោកសេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print