ភ្នំពេញ៖ បញ្ហា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង បរិស្ថានអនាម័យ នៅតាមទីអារាម ទាំង២៤វត្ត ទូទាំងខណ្ឌច្បារអំពៅត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់ចេញជាផែនការអនុវត្តអោយបានល្អប្រសើដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ មកធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជំបិណ្ឌ ។ មិនតែប៉ុណ្ណោះបញ្ហាបរិស្ថានអនាម័យត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយព្រះគ្រូចៅអធិការទាំង២៤វត្តរៀបចំបានយ៉ាងល្អប្រសើ ។
ជាថ្មីម្ដងទៀតថ្លែងនៅក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បាន ណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់សហការគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមកធ្វើបុណ្យនៅទីអារាម ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ នឹងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ មុខសញ្ញា សង្ស័យមួយចំនួន ចូលមក ក្នុងវត្ត បើមានការសង្ស័យ សូមឃាត់ខ្លួនយកមកសាកសួរដើម្បីកុំឲ្យមានការរំខានដល់ពិធីបុណ្យ ។ ចំណុចមួយទៀត សូមឲ្យយកចិត្តទុកដាក់ ពិនិត្យតាមដានរាល់សកម្មភាពចេញចូលរបស់ បុគ្គលមួយចំនួន ដែល ឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យ តែបែជាមកធ្វើសកម្មភាពល្មើសច្បាប់ ក្នុងន័យ បង្កអសន្ដិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។
សូមបញ្ជាក់កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថ្លែង នៅក្នុងកិច្ចប្រជុំរួមរវាង ផ្នែកពុទ្ធចក្រនិងអាណាចក្រ លោកចេង មុនី អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌបានមានប្រសាសន៍នៅក្នុងអង្គប្រជុំដូច្នេះថា ចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃភ្ជុំបិណ្ឌ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ រួមគ្នាការពារសន្តិសុខសាធារណៈ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យនៅតាមទីវត្តអារាមឲ្យបានស្អាតនិងមានសណ្ដាប់ធ្នាប់ល្អដើម្បីត្រៀមទទួលពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមកធ្វើបុណ្យ ក្នុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដូច្នេះ ក្នុងនាមគណៈបញ្ជាការឯកភាព ខណ្ឌ ត្រូវចូលរួម កិច្ចការងារនេះឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការរៀបចំទីវត្តអារាមអោយមានសោភ័ណ្ឌភាព ។
ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរៀបចំចាត់ចែងរួចជាស្រេចសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនពុទ្ធបរិស័ទនិងប្រជាពលរដ្ឋ ដែលលោកបាន មកធ្វើបុណ្យនៅទីវត្តអារាមដើម្បីផ្តល់ភាពកក់ក្តៅដល់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋបានមកធ្វើបុណ្យប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ។
នេះជាប្រសាសន៍លើកឡើងនៅកិច្ចប្រជុំការងារព្រះពុទ្ធសាសនា និងបញ្ហាប្រឈមតាមបណ្តាវត្តរបស់សាលាអនុគណខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពព្រះសិរីសម្មតិវង្ស ទេព ផាន និងឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា , លោក ចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួមព្រះសង្ឃជាច្រើនអង្គនិមន្តមកពីវត្តទាំងអស់នៅក្នុងខណ្ឌច្បារអំពៅ ។
ផ្ដើមចេញ ពីការយកចិត្តទុកដាក់ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនពុទ្ធបរិស័ទនិង ប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យនៅតាមទីអារាម បានធ្វើឲ្យព្រះគ្រូចៅអធិការគ្រប់វត្ត មានការកក់ក្តៅលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ ព្រះគ្រូចៅអធិការវត្តក៏បានថ្លែងអំណរគុណដល់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីអារាមទាំង២៤ ចាប់តាំងពីថ្ងៃកាន់បិណ្ឌរហូតដល់ថ្ងៃភ្នំបិណ្ឌ៕ ដោយ៖តារា