អបអរសាទរគម្រប់ខួប ៦០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីក្នុងពិធីគម្រប់ខួប៦០ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងស្ថាន ទូត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ និងអតីតនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំងអស់ប្រមាណ ៥០០ នាក់។

បន្ទាប់ពីបានទស្សនាវីដេអូស្ដីពីវឌ្ឍនភាក្នុងអំឡុងពេល ៦០ឆ្នាំរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវិទ្យាស្ថាន ដែលបានដឹកនាំវិទ្យាស្ថានឱ្យឈរលំដាប់ទី១ ក្នុងប្រទេស និងមានសហ ប្រតិបត្តិការអន្តរជាតិជាមួយបណ្ដាសាកលវិទ្យាល័យល្បីៗ ព្រមទាំងបានគូសបញ្ជាក់ថា ការជួបជុំគ្នា និងការប្រារព្ធពិធីនេះ គឺជាឱកាសមួយ ដើម្បីអបអរសាទរដល់ការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមិនអាចកាត់ផ្តាច់បានពីស្មារតីនៃការខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកនៃវិទ្យាស្ថានទាំងអស់ ព្រមទាំងការចូលរួមគាំទ្រពីប្រមុខរាជរដ្ឋាភិបាលគ្រប់ជំនាន់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អតីតនិស្សិត និងដៃគូអភិវឌ្ឍទាំងក្នុងនិងក្រៅប្រទេសផងដែរ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំឭកឡើងវិញអំពីប្រវត្តិ និងការវិវត្តរបស់វិទ្យាស្ថានចាប់តាំងពីឆ្នាំ ១៩៦៤ ដល់ ឆ្នាំ១៩៧៥៖ វិទ្យាស្ថាននេះមានឈ្មោះថា “វិជ្ជាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត (Institut Technique Supérieur de l’Amitié Khméro-Soviétique : ITSAKS )។ បន្ទាប់មក តាមរយៈការស្នើសុំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា រដ្ឋាភិបាលបារាំងបានផ្ដល់ការគាំទ្រចំពោះវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ តាមរយៈអនុសញ្ញា នៃការហ្វឹកហ្វឺនលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារបណ្ដាញសាកលវិទ្យាល័យនិយាយភាសាបារាំង – Agence Unversitaire de la Francophonie (AUF) ជាអ្នកទទួលខុសត្រូវ និងចាត់ចែងលើគម្រោងនេះ ចាប់ពីខែសីហា ឆ្នាំ១៩៩៣ ដល់ខែកញ្ញា ឆ្នាំ ២០០៤។ ក្នុងអំឡុងពេលនោះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ១៩៩៤ វិទ្យាស្ថាននេះបានប្ដូរឈ្មោះមកជា «វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (វ.ប.ក)» វិញ ដែលមជ្ឈដ្ឋានអន្ដរជាតិនិយមហៅកាត់ថា “ITC” ដែលជាអក្សរកាត់នៃឈ្មោះពេញជាភាសាបារាំង “Institut de Technologie du Cambodge” ប៉ុន្ដែគេតែងស្គាល់ និងនិយមហៅថា “សាលាតិចណូ” តាំងពីដើមរៀងមក។

ទន្ទឹមនឹងនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តបោះ ពុម្ពស្នាដៃស្រាវជ្រាវនៅក្នុងទស្សនាវដ្ដីជាតិ-អន្តរជាតិឱ្យកាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបោះពុម្ពអត្ថបទស្រាវ ជ្រាវចំនួន ៤៨៤ អត្ថបទ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិល្បីៗរបស់ពិភពលោក។ លើសពីនេះ វិទ្យាស្ថានបាននិងកំពុងបន្តអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយដៃគូអភិវឌ្ឍស្ថាប័នអប់រំនិងស្រាវ ជ្រាវ និងសាកលវិទ្យាល័យអន្តរជាតិនានាដើម្បីបន្តលើក កម្ពស់សមត្ថភាពស្ថាប័ន ការបណ្តុះបណ្តាល និងការនស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

...

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា និងក្នុងនាមជាអតីតនិស្សិតនៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរនៃការប្រារព្ធខួប ៦០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះ និងបានថ្លែងអំណរ គុណដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ អតីតនិស្សិត និងដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាង សកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយ គុណភាព សមត្ថភាព មានចំណេះដឹង ចំណេះ ធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ លើគ្រប់វិស័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print