សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃ UN ដើម្បីស្នើឱ្យមានការកោះប្រជុំស្ថាប័នដែលមានសមាជិកចំនួន ១៥នេះ បន្ទាប់ពីអ៉ីស្រាអែលសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងការវាយប្រហារនៅលីបង់។
លោក Iravani បញ្ជាក់ក្នុងលិខិតនោះថា «អ៉ីរ៉ង់សូមព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយលើទីតាំងការទូត និងអ្នកតំណាងរបស់ខ្លួន ហើយបញ្ជាក់ជាថ្មីថានឹងមិនបណ្តោយឱ្យសកម្មភាពឈ្លានពាន កើតមានឡើងម្តងទៀតឡើយ»។ លោកបានបន្ថែមថា «អ៉ីរ៉ង់ នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីចាត់វិធានការគ្រប់បែបយ៉ាងក្នុងការការពារផលប្រយោជន៍ និងសន្តិសុខជាតិ»។
លោក Nasrallah គឺជាឥស្សរជនយូរមកហើយនៅក្នុងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយ និងបានរួមចំណែកជួយរក្សាឥទ្ធិពលអ៉ីរ៉ង់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ តាមយោធាអ៉ីស្រាអែល លោក Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរូងក្រោមដីដែលជាទីស្នាក់ការកណ្តាលរបស់ហេសបូឡា ស្ថិតក្រោមអគារលំនៅដ្ឋានមួយក្នុងទីក្រុង Dahiyeh ជាយក្រុងបេរូត៕
រូបថត: Reuters