ភ្នំពេញ ៖ នារសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខនសពឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ត្រូវជាកូនប្រុសបង្កើតឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាអនុប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា។
ឯកឧត្តម សោម ចិន្តា ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម សោម ចិន ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:៤០នាទីរសៀលក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុត នូវកូនប្រុសបង្កើត ឪពុកបង្កើត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ជាពិសេសគឺជាការបាត់បង់នូវបញ្ញាវន្តមួយរូបដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ។
ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សោម ចិន ព្រមទាំងក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម សោម ចិន្តា សូមបានទៅចាប់បដិសន្ធិក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពឯកឧត្តម សោម ចិន្តា កូនប្រុសបង្កើតឯកឧត្តម សោម ចិន ត្រូវតំកល់ធ្វើបុណ្យទក្ខិណានុទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តក្រាំងស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ ៕
ដោយ ៖ សិលា