សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋាភិបាលប៉ូឡូញបានឱ្យដឹងថា សេចក្តីព្រាងថវិកាឆ្នាំ ២០២៥នឹងកំណត់ថវិកាយកជាង ៨៣៥លានដុល្លារ ជាទុនបម្រុងសម្រាប់ការដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិ បន្ទាប់ពីទឹកជំនន់ឆ្នាំនេះបង្កបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅក្នុងប្រទេស។
ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេល ២០ឆ្នាំបានធ្វើឱ្យទីក្រុងជាច្រើននៅភាគនិរតីនៃប្រទេសប៉ូឡូញ រងនូវការជន់លិចពីរសប្តាហ៍ចុងក្រោយនេះ ហើយរដ្ឋាភិបាលសន្យាថាដោះស្រាយផលវិបាកជូនប្រជាជន ដោយប្រើប្រាស់ថវិកាសរុបជាង ៦០០លានដុល្លារ យកចេញពីមូលនិធិរបស់សហភាពអឺរ៉ុប។
តាមសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីរដ្ឋាភិបាលអនុម័តថវិកាឆ្នាំ ២០២៥ ទុនបម្រុងសម្រាប់ការងារទប់ទល់ និងដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ នឹងកើនឡើងដល់ជាង ៨៣៥លានដុល្លារ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ូឡូញ លោក Andrzej Domanski និយាយថា នៅមិនទាន់មានការសម្រេចផ្លូវការទេ ប៉ុន្តែបញ្ហាទឹកជំនន់ដែលកំពុងប្រឈម ទំនងជានឹងអាចនាំទៅដល់ការបង្កើនទុនបម្រុងពីឆ្នាំ ២០២៤។
គួរបញ្ជាក់ថា ទឹកជំនន់ក៏ធ្វើឱ្យមានការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលប៉ូឡូញ ដែលប្រឈមមុខស្រាប់នឹងវិធានការដាក់ពិន័យពីសហភាពអឺរ៉ុប ជុំវិញការប្រើប្រាស់ថវិកាលើសកំណត់៕ ដោយធីរីណា
រូបថត: TTXVN