ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក ដោយពិធីប្រគល់-ទទួល ថវិកាសប្បុរសជននេះ ធ្វើឡើងវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។
សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល ។
ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 មានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuber ល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ដោយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally ក្នុងព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលរៀបចំសម្របសម្រួល ដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ។
ចំណែកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បន្តដំណើរពីភ្នំពេញឆ្ពោះទៅសៀមរាប។ នៅថ្ងៃទី១៧ ខែកញ្ញា នឹងមានការប្រារព្ធព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក។
ព្រឹត្តិការណ៍ Gumball 3000នេះ ផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពី សន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយនៃកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះ ធ្វើដំណើរឆ្លងកាត់ចំនួន ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕
ប្រភព ៖ «CCFR China state-controlled media »