ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
ដោយលើកឡើងថា ៖ ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 077 682 237, 011 599 987, 016 994 531 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://shorturl.at/rERw9 ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាគំនិតដល់ បងប្អូនប្រជាកសិករ យ៉ាងដូច្នេះថា ៖ « សម្រុកលក់ស្រូវទាំងសើមនិងមិនទាន់ទុំល្អ ក្នុងពេលដែលរោងម៉ាសុីនភាគច្រើនបិទពេលភ្ជុំមិនមែនជាជម្រើសល្អទេ! អាចខាតរហូតដល់ទៅ២០%! រង់ចាំតែ២-៣ថ្ងៃ ស្រូវគុណភាពស្តង់ដាមិនគួរបានក្រោម ១០០០៛/គីឡូនោះទេ! »។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ឱ្យមកស្តាប់បងប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម និយាយពីស្ថានភាពជាក់ស្តែងនៅរោងម៉ាសុីនកិនស្រូវ និងហេតុអ្វីបានជាពុកម៉ែបងប្អូនប្រជាកសិករមិនគួរព្រួយបារម្ភពេកពីបញ្ហាទីផ្សារ ដែលនឹងរង់ចាំប្រមូលទិញស្រូវនៅក្រោយពេលភ្ជុំចប់ ចាប់ពីថ្ងៃទី៤ ខែតុលានេះតទៅ ៕
ដោយ ៖ សិលា