ខេត្តកោះកុង​ រយៈពេល​ ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ​ មានអ្នកទេសចរ ១ម៉ឺន ៦ពាន់នាក់ ទៅលេងកម្សាន្ត​ និងស្នាក់នៅ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ រដ្ឋបាល​ខេត្ត​កោះកុង​ នៅព្រឹកថ្ងៃសុក្រទី​០៤​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​​ទិដ្ឋភាពទេសចរកម្សាន្ត​ និងស្នាក់នៅខេត្តកោះកុង​ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤​ (​ គឺចាប់ពីថ្ងៃទី០១ ដល់ ០៣ តុលា ២០២៤) ខេត្តកោះកុងទទួលបានទេសចរស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ សរុបចំនួន ១៦,៧៣២ នាក់ ក្នុងនោះមានទេសចរបរទេស ៣៩៦ នាក់។

បេីតាមការ​បញ្ជាក់ពី​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក សាគុណ ភក្តី បាន​ឱ្យ​ដឹង​ដែរថា ទេសចរ​ជាតិ ១៦,៣៣៦ នាក់ និង​ទេសចរ​បរទេស ៣៩៦ នាក់ បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​លំហែ​កាយ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដោយ​កើន ៨,២៣៤ នាក់ ស្មើនឹង ៩៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។

លោកប្រធាន​ការិយាល័យ​រូបនេះ​ បានឱ្យដឹងទៀតថា​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ចំនួន​ទេសចរ​កើន​តិចតួច​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ស្ថានភាព​ផ្លូវ​ពី​ចំណុច​ផ្លូវបំបែក​ស្រែអំបិល​មកកាន់​តំបន់​ឆ្នេរ​សមុទ្រ​ជ្រោយ​ស្វាយ និង​កោះ​ស្តេច មាន​ភាព​ងាយស្រួល និង​ចំណាយ​រយៈពេល​តិច។ រីឯ​អាកាសធាតុ​មាន​អំណោយផល​ល្អ​ផង​ដែរ។

សូមជម្រាបថា​ ក្នុងអំឡុង​ពេល ៣ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ​ អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន ភោជនីយដ្ឋាន មិនបាន​ឡើងថ្លៃ​នោះ​ទេ ដោយ​រក្សា​តម្លៃ​ដើម​នៅ​ដដែល និង​មាន​ការ​ទទួល​យក​បាន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​គ្រប់​មជ្ឈដ្ឋាន។

គួរបញ្ជាក់ថា​ ខេត្ត​កោះកុង គិតត្រឹម​រយៈពេល​ ៨ខែ ឆ្នាំ២០២៤នេះ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ៤៧ ម៉ឺន​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ កើន​ឡើង ១៦ ម៉ឺន​នាក់។ ខេត្ត​កោះកុង​មាន​តំបន់​ទេសចរ​ធម្មជាតិ និង​កែច្នៃ​ជាច្រើន​ដែល​កំពុង​មាន​សក្ដានុពល​ដ៏​ទាក់ទាញ ខណៈ​ផ្លូវជាតិ​លេខ ៤៨ ស្ថាបនា​រួចរាល់​ហើយ គេ​រំពឹង​ថា កំណើន​អ្នកទេសចរ នឹង​កើន​កាន់តែ​ច្រើន​បន្ថែម​ទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print