ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃសុក្រទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិដ្ឋភាពទេសចរកម្សាន្ត និងស្នាក់នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ ( គឺចាប់ពីថ្ងៃទី០១ ដល់ ០៣ តុលា ២០២៤) ខេត្តកោះកុងទទួលបានទេសចរស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ សរុបចំនួន ១៦,៧៣២ នាក់ ក្នុងនោះមានទេសចរបរទេស ៣៩៦ នាក់។
បេីតាមការបញ្ជាក់ពីប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សាគុណ ភក្តី បានឱ្យដឹងដែរថា ទេសចរជាតិ ១៦,៣៣៦ នាក់ និងទេសចរបរទេស ៣៩៦ នាក់ បាននាំគ្នាមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្ត ដោយកើន ៨,២៣៤ នាក់ ស្មើនឹង ៩៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
លោកប្រធានការិយាល័យរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យចំនួនទេសចរកើនតិចតួចយ៉ាងដូច្នេះ ក៏ព្រោះតែស្ថានភាពផ្លូវពីចំណុចផ្លូវបំបែកស្រែអំបិលមកកាន់តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ និងកោះស្តេច មានភាពងាយស្រួល និងចំណាយរយៈពេលតិច។ រីឯអាកាសធាតុមានអំណោយផលល្អផងដែរ។
សូមជម្រាបថា ក្នុងអំឡុងពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ អាជីវករ និងប្រតិបត្តិករទេសចរណ៍នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន មិនបានឡើងថ្លៃនោះទេ ដោយរក្សាតម្លៃដើមនៅដដែល និងមានការទទួលយកបានពីសំណាក់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ថា ខេត្តកោះកុង គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៤៧ ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ កើនឡើង ១៦ ម៉ឺននាក់។ ខេត្តកោះកុងមានតំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្ដានុពលដ៏ទាក់ទាញ ខណៈផ្លូវជាតិលេខ ៤៨ ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ នឹងកើនកាន់តែច្រើនបន្ថែមទៀត៕