អ៉ីស្រាអែល ត្រៀមវាយប្រហារដោយមីស៉ីលទៅលើអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា មន្រ្តីអ៉ីស្រាអែលមួយរូប បានឱ្យដឹងថា យោធាអ៉ីស្រាអែល កំពុងតែត្រៀមរៀបចំ ចំណាត់ការឆ្លើយតបទៅវិញ ចំពោះសកម្មភាពបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់ ពីសំណាក់អ៉ីរ៉ង់មកលើអ៉ីស្រាអែល ក្នុងសប្តាហ៍នេះ។

មន្រ្តីខាងលើបានបង្ហើបឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «យោធាអ៉ីស្រាអែល (IDF) កំពុងតែរៀបចំការឆ្លើយតប ចំពោះការវាយប្រហារពុំធ្លាប់មានពីមុន និងខុសច្បាប់របស់អ៉ីរ៉ង់ មកលើប្រទេសអ៉ីស្រាអែល ព្រមទាំងប្រជាជនស៉ីវិលអ៉ីស្រាអែល»។ យ៉ាងណាមិញ មន្រ្តីដដែល មិនបានរៀបរាប់លម្អិត អំពីលក្ខណៈឬក៏ពេលវេលា នៃវិធានការឆ្លើយតបនោះឡើយ។ ដោយឡែក កាសែតអ៉ីស្រាអែល Haaretz ដែលផ្អែកលើប្រភពពីយោធា បានរាយការណ៍ថា វានឹងជាការឆ្លើយតបធំមួយពីអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា អ៉ីរ៉ង់បានបាញ់មីស៉ីលប្រហែល២០០គ្រាប់ មកលើអ៉ីស្រាអែល ខណៈវាគឺជាការវាយប្រហារដោយផ្ទាល់លើកទី២ ពីសំណាក់ទីក្រុងតេហេរ៉ង់ មកលើអ៉ីស្រាអែល ក្នុងរយៈពេលតិចជាង៦ខែ។ មីស៉ីលទាំងអស់នោះ ភាគច្រើនត្រូវបានបាញ់ស្ទាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ខណៈមួយចំនួនបានធ្លាក់ចំមូលដ្ឋានយោធា ប៉ុន្តែពុំបានបង្កឱ្យមាន​ការខូចខាត និងមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

អ៉ីរ៉ង់បាននិយាយថា ការបាញ់ស្រោចមីស៉ីលនោះ គឺជាការសងសឹកចំពោះការធ្វើឃាត មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលបានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពីថ្ងៃទី២៧​ ខែកញ្ញា ហើយវាក៏ជាការឆ្លើយតបចំពោះ ការធ្វើឃាតអតីតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ដែលត្រូវបានសម្លាប់ នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ផងដែរ។ អ៉ីរ៉ង់និងហាម៉ាស បានចោទថា វាជាស្នាដៃរបស់អ៉ីស្រាអែល ប៉ុន្តែអ៉ីស្រាអែល មិនបានបដិសេធឬទទួលស្គាល់ ឡើយ៕

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print