ខេត្តកណ្ដាល ៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នេះគឺជាការលើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល នៅសាលាខេត្ត នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត ហើយជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ។ រណសិរ្សនេះ គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជាដ៏ទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ដោយមិន ប្រកាន់សាសនា វណ្ណៈ និន្នាការនយោបាយ ប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ស្ម័គ្រចិត្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចការកាត់បន្ថយភាពក្រីក្រ ដើម្បី វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលជូនប្រជាជនកម្ពុជា។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា រណសិរ្សនេះ យកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជន ដោយគោរព រដ្ឋធម្មនុញ្ញ និងច្បាប់បញ្ញត្តិជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។ រណសិរ្ស ចូលរួមកសាង និងពង្រឹងពង្រីកទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
សម្ដេចកិត្តិសង្គបណ្ឌិត បានរំឭដល់កម្មវិធីអំពីភារកិច្ចទាំង ៧ ចំណុច របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយជាចុងក្រោយសម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា សុខសន្តិភាព រយៈពេលជាង ២៥ឆ្នាំមកនេះ កើតឡើងពីការ ខិតខំ តស៊ូ លះបង់ ព្យាយាមដោយភាពអត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា និងការចូលរួមគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទាំងអស់។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានឋិតថេរគង់វង្សរឹងមាំជានិច្ច។
មុននឹងបញ្ចប់ សម្ដេច ម៉ែន សំអន សង្កត់ធ្ងន់ថា « មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាព ។ ក្នុងន័យនេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងបន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនិងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ » ៕
ដោយ៖ សុរិយា