គិតត្រឹមដើមខែតុលា! ក្រសួងការងារទទួលបានសមាជិក ប.ស.ស. កើនឡើងដល់ជាង ២,៥លាននាក់

ចែករំលែក៖

ភ្នំពេញ​៖​ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២,៥៤៣,៨៧០នាក់ (ស្រី ១,៤១៣,០១១ នាក់)។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកអ្នកនាំពាក្យក្រសួងការងារ​ បានគូសបញ្ជាក់ថា​ ក្នុងចំណោមសមាជិកសរុបជាង២,៥ លាននាក់នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ១,៥៨១,៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១១៦,៩៥០នាក់។

លោករដ្ឋលេខាធិការ​ បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

រដ្ឋលេខាធិការ​ បានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះលោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀតថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។

លើសពីនេះ​ លោកអ្នកនាំពាក្យរូបនេះ​ ក៏បានពន្យល់ថា កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

លោករដ្ឋលេខាធិការ​ បានបន្តថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print