ក្លិប La Liga បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres របស់ Barcelona បានរងរបួសសរសៃពួរ ហើយនឹងអវត្តមានរយៈពេលមិនកំណត់។
កីឡាករវ័យ២៤ឆ្នាំរូបនេះនឹងខកខានការប្រកួត Nations League របស់អេស្ប៉ាញទល់នឹងដាណឺម៉ាកនៅថ្ងៃសៅរ៍ និងស៊ែប៊ីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុមជម្រើសជាតិលោក Luis de la Fuente។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា Ferran អាចនឹងអវត្តមានពី៦ទៅ៨សប្តាហ៍បន្ទាប់ពីគាត់បានរងរបួសក្នុងជ័យជម្នះ ៣-០ របស់ Barcelona នៅលើទឹកដី Deportivo Alaves កាលពីថ្ងៃអាទិត្យដែលគាត់បានប្តូរចេញក្នុងតង់ទី២។
ក្លិប Barcelona បានប្រកាសថា “ការធ្វើតេស្តបានធ្វើឡើងលើ Ferran Torres បញ្ជាក់ថា គាត់មានរបួសសាច់ដុំនៅភ្លៅខាងស្តាំរបស់គាត់។ ការវិលត្រឡប់របស់គាត់ទៅហ្វឹកហាត់នឹងអាស្រ័យលើការជាសះស្បើយរបស់គាត់” ។
Barcelona កំពុងតែជួបវិបត្តិកីឡាកររបួសដោយមាន Dani Olmo, Gavi, Fermin Lopez, Andreas Christensen, Ronald Araujo និងអ្នកចាំទី Marc-Andre ter Stegen ក្នុងចំណោមកីឡាករដែលអវត្តមាន។
លោក Hansi Flick អ្នកចាត់ការទូទៅរបស់ក្លិប Barcelona បាននិយាយកាលពីថ្ងៃអាទិត្យថា “របួសរបស់ Ferran គឺគួរឱ្យព្រួយបារម្ភ។ យើងមិនមានជម្រើសច្រើនក្នុងការវាយប្រហារទេ”។ ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួន១០ប្រកួតឲ្យ Barcelona ក្នុងរដូវកាលនេះ ៕