ភ្នំពេញ ៖ ក្របខ័ណ្ឌនយោបាយ និងការទូត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ច ប្រកបដោយកិត្តិយស ពីឥស្សរជនជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាតី រដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ មុននឹងអញ្ជើញទទួលស្វាគមន៍និងជួបពិភាក្សាទ្វេភាគីជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជំនួបពិភាក្សា ទ្វេ ភាគី ត្រីភាគី ជាមួយប្រមុខរដ្ឋាភិបាល រួមមាន៖
ជំនួបទ្វេភាគីកម្ពុជា-ឡាវ៖ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងយូរអង្វែងនៅឆ្នាំ២០១៩»។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញបំណងរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេច បាននូវសក្តានុពលពេញលេញ ជាពិសេសតាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែល មានសក្តានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីក ការផ្គត់ផ្គង់ថាមពលបៃតងរវាងប្រទេសពីរនិងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។
ជំនួបត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម បានគូសបញ្ជាក់អំពី សារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានចែករំលែក បទពិសោធអំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអប់រំនិងបណ្តុះបណ្តាល ជាដើម។ នាយករដ្ឋមន្ត្រី ទាំងបី ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន ៕
ដោយ ៖ សិលា