ភ្នំពេញ ៖ ជំនួបទ្វេភាគីកម្ពុជា-ថៃ៖ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែ ខ្លាំងក្លាថែមទៀត រួមមាន ការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធការខ្លួន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីផលប្រយោជនទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ ការពារជាតិ និងសន្តិសុខ ជាដើម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ ដោយ ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងសម្របសម្រួលកិច្ចពិភាក្សាបន្តពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំង រៀបចំឱ្យមានសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ នាឆ្នាំ២០២៥។ ភាគីទាំងពីរបានស្វាគមន៍ចំពោះជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី៣ កាលពីខែកក្កដាកន្លងទៅ នៅទីក្រុងបាងកក និងចំពោះទស្សទាន «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែច្រើនទៅកាន់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ ឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម ឆ្លងដែន ការជំរុញទេសចរណ៍ និងការកសាងភាពបំពេញឱ្យគ្នាទៅវិញទៅមក ៕
ដោយ ៖ សិលា