សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសុក្រ ទី១១ ខែតុលា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាគ្នា ជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នៅប្រទេសតួកម៉េនីស្ថាន ជាទីដែលមេដឹកនាំទាំងពីរ បានសាទរ ការរីកលូតលាស់នៃចំណងទាក់ទង និងទស្សនៈស្រដៀងគ្នា ជុំវិញស្ថានភាពពិភពលោក។
ស្របពេលទំនាក់ទំនងធ្លាក់ដុនដាបដល់កម្រិតទាបបំផុត ជាមួយទីក្រុងវ៉ាស៉ីនតោន និងសហភាពអឺរ៉ុប ជុំវិញវិបត្តិអ៊ុយក្រែន លោក ពូទីន បាននិងកំពុងខ្នះខ្នែងជំរុញឱ្យទំនាក់ទំនងរុស្ស៉ី កាន់តែមានភាពស៉ីជម្រៅខ្លាំងជាងមុន ជាមួយក្រុមប្រទេសសកលខាងត្បូង និងសកលខាងកើត។ អំឡុងជំនួបខាងលើ លោក ពូទីន ក៏បានឆ្លៀតឱកាសអញ្ជើញលោក Pezeshkian ទៅបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៉ីផងដែរ ខណៈរុស្ស៉ីត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan នៅថ្ងៃទី២២-២៤ ខែតុលា។
លោក Pezeshkian ដែលទើបក្លាយជាប្រធានាធិបតីអ៉ីរ៉ង់ នៅខែកក្កដា ឆ្នាំនេះ បានប្តេជ្ញាប្រទេសរបស់លោក កាលពីខែមុន ទៅក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ ជាមួយរុស្ស៉ី ដើម្បីទប់ទល់ការដាក់ទណ្ឌកម្មរបស់ក្រុមលោកខាងលិច។ ប្រទេសទាំងពីរបាននិយាយថា ពួកគេកំពុងតែខិតជិត ការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ហើយលោក Pezeshkian បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃសុក្រថា វានឹងអាចសម្រេចបាន អំឡុងកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៉ី។ សហរដ្ឋអាមេរិក មើលឃើញថា ការរីកដុះដាលនៃទំនាក់ទំនង រវាងទីក្រុងមូស្គូនិងទីក្រុងតេហេរ៉ង់ គឺជារឿងគួរឱ្យបារម្ភមួយ។ អាមេរិកបានចោទថា អ៉ីរ៉ង់ផ្គត់ផ្គង់មីស៉ីលបាលិស្ទីគឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន៕
រូបថត: AP