ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ជូនជាផ្លូវការទៅកាន់ សភាតំណាងរាស្រ្តរុស្ស៊ី សម្រាប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាទទួលស្គាល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង)។
នៅថ្ងៃទី 14 ខែតុលា យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី សំណើរបស់លោកពូទីន ក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញារវាងលោក និងលោក Kim Jong Un ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា ត្រូវបានបញ្ចូលទៅក្នុងឯកសាររបស់ទីភ្នាក់ងារនេះ។
យោងតាមសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ ប្រទេសទាំងពីរនឹង “សហការគ្នាដើម្បីធានាសន្តិភាព និងសន្តិសុខយូរអង្វែងនៅក្នុងតំបន់ និងអន្តរជាតិ”។ ជាពិសេស រុស្ស៊ី និងកូរ៉េខាងជើងប្តេជ្ញាបង្កើត “ស្ថិរភាពជាយុទ្ធសាស្ត្រសកល និងប្រព័ន្ធអន្តរជាតិពហុប៉ូលយុត្តិធម៌” និងកសាងភាពជាដៃគូលើ “គោលការណ៍នៃការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សមភាព និងគោលការណ៍ដទៃទៀតនៃ ច្បាប់អន្តរជាតិ។
នៅក្នុងនោះមានឃ្លាមួយចែងថា “ប្រសិនបើភាគីណាមួយទទួលរងការវាយប្រហារដោយប្រដាប់អាវុធពីប្រទេសមួយ ឬច្រើន ហើយរកឃើញថាខ្លួននៅក្នុងស្ថានភាពនៃសង្រ្គាម ភាគីម្ខាងទៀតត្រូវផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតជាបន្ទាន់តាមគ្រប់លទ្ធភាព។” ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ” និងច្បាប់ជាតិ។
លើសពីនេះ ភាគីទាំងពីរក៏បានប្តេជ្ញាថានឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ “បង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព សន្តិសុខ បូរណភាពទឹកដី សេរីភាពក្នុងការជ្រើសរើស និងការអភិវឌ្ឍន៍ប្រព័ន្ធនយោបាយ សង្គម និងសេដ្ឋកិច្ច វប្បធម៌ និងផលប្រយោជន៍សំខាន់ៗរបស់ភាគីម្ខាងទៀត” ។
ជាមួយគ្នានេះ សន្ធិសញ្ញាក៏បានបង្ហាញពីការប្រឆាំងរបស់រុស្ស៊ី និងកូរ៉េខាងជើងចំពោះទណ្ឌកម្មរបស់លោកខាងលិច ដោយពណ៌នាថាជា “វិធានការបង្ខិតបង្ខំឯកតោភាគីក្រៅទឹកដី” ខុសច្បាប់ ផ្ទុយនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរនឹងមិនដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកទេ៕
រូបថត: Getty