ភ្នំពេញ ៖ ម៉ូតូចំនួន៣គ្រឿងបានបេីកបុកគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ដាច់ជើងឆ្វេង ចំណែក៤នាក់ទៀតរងរបួសស្រាល ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា ម៉ូតូហុងដាឌ្រីម ស៊េរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-6170 ជិះដោយយុវជនម្នាក់ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-0874 ជិះដោយឈ្មោះ ទិត ធឿន ភេទប្រុស អាយុ៥២ឆ្នាំ (រងរបួសធ្ងន់) រួមដំណើរជាមួយកូនស្រី និងចៅស្រី មានទីលំនៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូម៉ាក GINIO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-4161 ជិះដោយយុវជនសិស្សសាលាម្នាក់ ។
ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-6170 ជិះលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូ២គ្រឿង ជិះស្របទិស កំពុងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ស្រាល៤នាក់ ។
ក្រោយកើតហេតុជនរងរបួសធ្ងន់ម្នាក់បាក់ដាច់ជើងឆ្វេង រួមជាមួយកូននិងចៅស្រី ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕