រយៈពេល ៩ខែដើមឆ្នាំនេះ! កម្ពុជានាំចេញអង្ករ ប្រមាណជាង ៤៤ ម៉ឺន​តោន​ មានទំហំទឹកប្រាក់ជាង ៣៣៥លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា៖​ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៤នេះ កម្ពុជា​ នាំចេញអង្ករ មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺន​តោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ,នេះបើ​ធៀប​រយៈ​​ពេល​ដូចគ្នាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា​ បានគូសបញ្ជាក់ថា​ កម្ពុជា​ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ​ បាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤ ម៉ឺនតោន តាមរយៈនៃការនាំចេញអង្ករ ចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់ប្រ​ទេស​គោល​ដៅ​សំខាន់​ចំនួន ៦៥ ដែលក្នុងនោះការនាំចេញទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មាន​បរិមាណ អង្ករចំនួនជាង ២២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៨៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេស​ចិន រួមទាំងហុងកុង និងម៉ាកាវ ជាង ៨១ ពាន់តោន មានទឹកប្រាក់ជាង ៥២ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ចំណែកការនាំចេញប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេស រួមទាំងទីម័រខាងកើត មាន​បរិមាណ​សរុប​ជាង ៨៦ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២ លានដុល្លារសហរដ្ឋអាមេរិក, ក្រៅពីនេះ​កម្ពុជា​ក៏​បាននាំចេញទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡែនជាដើម គិតជាបរិមាណសរុបមានចំនួនជិត ៥០ ពាន់តោន មានទឹកប្រាក់ជាង ៤៣ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទ​អង្ករ​ដែល​បាន​នាំ​ចេញ​មាន​៖ អង្ករក្រអូបចំនួន ៧២ ភាគរយ ប្រភេទអង្ករស ធម្មតាជាង ២២ ភាគរយ អង្ករចំហ៊ុយ​ជាង ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀត។

ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ៩ខែនេះដែរ កម្ពុជាបាននាំចេញស្រូវ ជាប្រ​ភេទ​ស្រូវ​សើម មានបរិមាណ សរុបជាង ៣,៣ លានតោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានចំនួន​ប្រមាណ​ជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាន​នាំ​ចេញ​ដោយ​ឆ្លង​កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

គួរបញ្ជាក់ថា បើតាម​របាយ​ការណ៍អ​គ្គ​នាយកដ្ឋា​នកសិកម្ម, នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ កម្ពុជាបាននាំ ចេញអង្ករមានបរិមាណសរុបជាង ៤៥ ម៉ឺនតោន ទៅកាន់​ប្រទេស​គោលដៅចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៣៩៤ លាន ដុល្លារអាមេរិក៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print