រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងចំនួន ២០០០ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ, លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រលែងបង្កង ចំនួន ២,០០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និងបង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។

ក្រៅពីបង្កង ខេត្តតាកែវ ក៏ជាខេត្តមួយ ដែលមានភាពល្បីល្បាញខ្លាំង ពងទាកូនស្រែរនោង ដែលមានឱជារសឈ្ងុយឆ្ងាញ់ខុសពីពងទាកូនផ្សេងៗ ព្រោះថាការភ្ញាស់ដោយប្រើប្រាស់បច្ចេកទេសធម្មជាតិ (ភ្ញាស់ដោយអង្កាម)។

សូមបញ្ជាក់ដែរថា ខេត្តតាកែវ មានឡភ្ញាស់ពងទាកូនចំនួន ៧៦កន្លែង បរិមាណស៊ុតទា (សាប ប្រៃ និងកូន) នាំចេញទៅកាន់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តបានចំនួន ៣៤២.០០០ពង/ថ្ងៃ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែងទូទាំងខេត្ត និងបរិមាណផលបង្កង ក្នុងមួយឆ្នាំសរុប ៦៧តោន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print