គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ

ចែករំលែក៖

ប្រទេសឡាវ ៖ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ នៃរដ្ឋសភា រួមជាមួយ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៨ រួមមាន៖

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១ “ស្ដីពីការពង្រឹងភាពធន់នឹងអ៉ីនធឺណិតរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងភាពរស់រវើក”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី២ “ស្ដីពីតួនាទីរបស់សភាក្នុងការគាំទ្រការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីការជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងព្រៃឈើ”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ “ស្ដីពីតួនាទីរបស់សភាក្នុងការជំរុញការកៀរគរមូលធនបៃតងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ឆ្ពោះទៅរកផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ “ស្ដីពីតួនាទីសភាក្នុងការលើកកម្ពស់សមាហរណកម្មបច្ចេកវិទ្យាឌីជីថលអាស៊ាន ឆ្ពោះទៅរកផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ “ស្ដីពីការពង្រឹងមាគ៌ារបស់អាស៊ានទៅកាន់ប្រព័ន្ធពាណិជ្ជកម្មកាបូនរួមគ្នា សម្រាប់កំណើនប្រកបដោយចីរភាព និងភាពធន់នឹងបរិស្ថាន” ។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៦ “ស្ដីពីការទាញយកសក្តានុពលទេសចរណ៍ធម្មជាតិសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអាស៊ាន”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៧ “ស្ដីពីការកែលម្អសមត្ថភាពស្ថាប័នដើម្បីលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន អាកាសចរណ៍ និងកំពង់ផែសមុទ្រនៅក្នុងតំបន់អាស៊ាន”។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៨ “ស្ដីពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន ស្តីពីបញ្ញាសិប្បនិមិត្ត”។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម។ គណៈប្រតិភូទាំងអស់បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើន ដោយផ្តោតទៅលើអត្ថប្រយោជន៍ និងមានសារៈសំខាន់ជារួមសម្រាប់សេដ្ឋកិច្ចប្រទេសជាសមាជិកអាយប៉ា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print