ប្រទេសចិន ៖ ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពីធីបើក«ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)
នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្តែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញនោះទេ។ ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងមក នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណាន បានដឹកនាំអ្នកសម្តែង និងកីឡាករសៅលីញ ទៅសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ “When Shaolin Meets Bokator at Angkor” ។ នៅថ្ងៃនេះ កម្ពុជា បាននាំល្បុក្កតោ មកជួបសៅលីញ នៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង។
តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ សម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ៕
ដោយ ៖ សិលា