វប្បធម៌ស្អាតបានកំពុងរីកសុះសាយឡើងជាបណ្តើរៗឆ្ពោះទៅទម្លាប់នៃភាពស្អាតនៅក្នុងសង្គមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស បានរីករាយកម្សាន្តជាមួយពិធីបុណ្យផ្សេងៗ ក្នុងប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមក្នុង យុទ្ធការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានកាន់តែច្រើនឡើង ដើម្បីកាត់បន្ថយការបំពុលពីប្លាស្ទិក ជួយឱ្យទីក្រុងទីប្រជុំជន កន្លែងកម្សាន្តនានា មានសោភ័ណភាព មានអនាម័យ មានខ្យល់អាកាសល្អ មានផាសុខភាព សម្រាប់ការរស់នៅនិងការប្រកបអាជីវកម្មផ្សេងៗ។ ចំនួនការប្រើប្រាស់ប្លាស្ទិក និងការបោះចោលសំរាម និងសំណល់ប្លាស្ទិក នៅតាមទីសាធារណៈផ្សេងៗ មានការថយចុះគួរឱ្យកត់សំគាល់ នៅក្នុងឆ្នាំ២០២៤នេះ។ ជាក់ស្តែងនៅក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានបង្ហាញថាចំនួនការបោះចោលសំរាម សំណល់ប្លាស្ទិក មានចំនួន១១០លានតោន ថយចុះជាង១០% បើប្រៀបធៀបនឹងអំឡុងពេលបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលមានសំរាម សំណល់ប្លាស្ទិកសរុប១៣០តោន។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋបានបង្កើតភាពស្អាត ដោយប្រជាពលរដ្ឋមកកម្សាន្ត បានប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ដោយខ្លួនឯង តាមកន្លែងកំណត់បានល្អ។ លើសពីនេះ មន្រ្តីមន្ទីរបរិស្ថានចំនួន៣០នាក់ បានចុះអប់រំ ផ្សព្វផ្សាយ និងធ្វើការសំអាតលើគោក និងប្រើប្រាស់ទូកចំនួន៨គ្រឿង សម្រាប់សំអាតក្នុងទឹកបន្ថែមទៀត ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធ យុវជនស្មគ្រចិត្ត វិស័យឯកជន និងពីអង្គការដៃគូ ដើម្បីឱ្យទីក្រុង ជាពិសេសទីតាំងប្រារព្ធពិធីបុណ្យងុំទូក និងទឹកស្ទឹងសង្កែ ឱ្យរក្សាបានបរិស្ថានស្អាត មានសោភ័ណភាព មានផាសុខភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ភាពស្អាតនៅស្ទឹងសង្កែនៅក្នុងពេលបុណ្យអំទូកឆ្នាំនេះ បានបង្ហាញពីផ្នត់គំនិតស្អាត ដែលប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នាពេលកន្លងមក របស់ក្រសួងបរិស្ថាន ក្នុងនោះជោគជ័យនៃយុទ្ធនាការជំហានទី១ (ការប្តេជ្ញាចិត្ត) ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួនជាង៩,៦លាននាក់ ជាពិសេសសិស្សានុសិស្សចំនួនជាង៣,៦លាននាក់ នៅតាមសាលារៀនទូទាំងប្រទេស ដែលបានអនុវត្តចាប់ពី១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍។ ជាមួយគ្នានេះ យុទ្ធនាការជំហានទី២(ការអនុវត្ត) ក្រោមប្រធានបទ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមប្រមាណ៣លាននាក់ បន្ថែមទៀត ធ្វើសកម្មភាពរើសសំរាម សំអាតអនាម័យ ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក នៅតាមផ្ទះ ទីសាធារណៈ សាលារៀន វត្តអារាម ជាដើម។ មួយវិញទៀត ការនាំចូលប្លាស្ទិកមកកម្ពុជា ត្រូវបានពិនិត្យឃើញថា នៅឆ្នាំ២០២៤ នេះ មានការថយចុះជាង៧០% បើប្រៀបធៀបការនាំចូលក្នុងឆ្នាំ២០២៣ នេះបើយោងតាមទូរលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ការបណ្តុះផ្នត់គំនិតស្អាត បានឆ្លុះបញ្ជាំងឱ្យឃើញការពិត ផ្ទុតស្រឡះពីការលើកឡើង របស់ក្រុមអគតិ ដែលមានទំនាក់ទំនងនឹងជនក្បត់ជាតិនៅក្រៅស្រុក ដែលបានញុះញង់ បោកប្រាស់ ឱ្យយុវជនជនមួយក្រុមតូច ដែលអះអាងថាខ្លួនជាអ្នកបរិស្ថាន ធ្វើការផ្សព្វផ្សាយខុសពីការពិត ឱ្យសាធារណជន មានការភាន់ច្រឡំ បានតែនិយាយ លើកទ្រឹស្តី និងមិនដែលបាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមទីប្រជុំជន ឬទីសាធារណៈ ម្តងណាឡើយ។

ភាពស្អាតចេញពីយុវជនដ៏ច្រើនលើសលុប នៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន បានបង្ហាញពីវិបត្តិសំរាមនៅមាត់ស្ទឹងសង្កែ លែងមានទៀតហើយ ប្រសិនបើយុវជនយើងនាំគ្នាចូលរួមទាំងអស់គ្នា ចាត់វិធានការនិងសហការជាមួយអាជ្ញាធរ ផ្នែកសេវាប្រមូលសំរាម ជាពិសេសចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសំអាត ប្រមូលទុកដាក់ ឱ្យបានត្រឹមត្រូវ ជួយសង្គមឱ្យបានស្អាតល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ទស្សនវិស័យ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅប្រទេស មានចំណូលខ្ពស់ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print