សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យចងក្រងនិងផ្សព្វផ្សាយក្បាច់គុនខ្មែរដែលជាអត្តសញ្ញាណជាតិយើង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅក្នុងសម័យសាកលភាវូបនីយកម្ម យើងមិនអាច ហាមឃាត់ការសិក្សាក្បាច់គុនផ្សេងៗបានឡើយ ប៉ុន្តែក្នុងនោះ យើងក៏ត្រូវចេះចងក្រង និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរដែលជាអត្តសញ្ញាណជាតិរបស់យើងផងដែរ។

នៅក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះ ក្បាច់គុនបុរាណខ្មែរយើង ក៏ត្រូវបានបើកបង្ហាត់នៅឯសហរដ្ឋ អាមេរិកផងដែរ ហើយទៅថ្ងៃខាងមុខ កម្ពុជា ត្រូវបើកចំហឱ្យកាន់តែទូលំទូលាយក្នុងការទទួលសិស្សបរទេស មកសិក្សាក្បាច់គុនខ្មែរនៅក្នុងប្រទេសរបស់យើងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យកីឡាករដែលចូលរួមប្រកួតទាំងអស់ ដើរតួនាទីជាតួអង្គនៅក្នុងការអភិរក្ស និងអភិវឌ្ឍក្បាច់គុនខ្មែរបុរាណយើងឱ្យបានគង់វង្សផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែង កោតសរសើរដល់ក្រុមកីឡាករ កីឡាការិនីដែលបានប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកួតគ្នាដោយមានការយោគយល់ល្អ ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា សម្ដេចមានក្ដីរំភើបស្ទើស្រក់ទឹកភ្នែកក្រោយបានឃើញក្រុមកីឡាករ-កីឡាការិនីបានខិតខំរួមគ្នាបង្កើតគំនិតច្នៃប្រឌិតក្នុងការសម្ដែងគុនខ្មែរចម្រុះដ៏មានភាពទាក់ទាញ ហើយបានប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីជាតិខ្មែរជាចំបង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print