ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ចាប់បុរសស្រ្តី ២នាក់ប្ដីប្រពន្ធរួមទាំងវត្ថុតាងម៉ូតូ ខណៈប្ដីប្រពន្ធរូបនេះកំពុងទំនាក់ទំនងលក់ដូរម៉ូតូ១គ្រឿង ដោយសមត្ថកិច្ចសង្ស័យជាប់ពាក់ពន្ធនិងចោរកម្ម ម្យ៉ាងមានកិច្ចសហការពីកម្លាំងសមត្តកិច្ចនគរបាលខេត្តពោធិ៍សាត់ ឲ្យជួយពួនស្ទាក់និងឃ្លាំមើលដើម្បីអនុវត្តតាមនីតិវិធីផង ខណៈក្នុងមូលដ្ឋានរបស់មានករណីដាក់ថ្នាំបំពុលសម្លាប់សត្វឆ្កែឆ្មាយកម៉ូតូអស់១គ្រឿងនោះ។
ករណីខាងលើកម្លាំងនគរបាលខេត្តបាត់ដំបងមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះទេ អំពីទីតាំងឃាត់ចាប់ប្ដីប្រពន្ធសង្ស័យលួចម៉ូតូ ហាក់បីដូចជាមានអាថកំបាំងឬទីតាំងនោះជាឆ្នាំងបាយរបស់សមត្ថកិច្ច ? ប៉ុន្តែគ្រាន់តែប្រាប់ថា ការឃាត់ចាប់នោះនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យប្ដីប្រពន្ធដែលកម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ចាប់ខ្លួនខាងលើនោះត្រូវបានលោ វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឲ្យដឹងថា ប្ដីឈ្មោះ ព្រំ យូ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្រុកកំណើត ស្រុកស្វាយទាប ខេត្តស្វាយរៀង) និងប្រពន្ធឈ្មោះ ខឹម សុខុន អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត (ស្រុកកំណើត ស្រុកអង្គរជ័យ ខេត្តកំពត)។ រួមទាំងវត្ថុតាងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 9502994 ។
លោកនាយការិយាល័យបន្តទៀតថា ជនស្ស័យប្ដីប្រពន្ធត្រូវបានសមត្តកិច្ចឃាត់ចាប់ខាងលើ ប្ដីដេកពន្ធនាគារដូចដេកផ្ទះទៅហើយ ហើយសមត្តកិច្ចរបស់លោកកំពុងបំពេញនីតិវិធីបន្ថែមនិងបញ្ជូនខ្លួនពួកគេរួមទាំងវត្ថុតាំងទៅសាលាដំបូងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ ដើម្បបន្តតាមនីតិវិធី។
គួរំលឹកថា កាលពីវេលាម៉ោង៥ព្រឹកប្រលឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចយូធីអឹមលេខ ៨៧៥៥៨.៨៥៥១៩ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅផ្ទះឈ្មោះ ឡាយ បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ដោយមានករណីចោរលួចម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ ពាក់ស្លាកលេខ ពោធិ៍សាត 1E-6988 (បញ្ជាក់ស្លាកលេខទើបធ្វើមិនទាន់បានកឹបទេ) ជាកម្មសិទ្ធរបស់ឈ្មោះជាម្ចាស់ផ្ទះកើតហេតុខាងលើ។ ដោយក្រោកពីដំណេកបាត់ម៉ូតូមិនឃើញខណៈម៉ូតូបាត់ទៅនោះដាក់ក្នុងផ្ទះទាម ហើយដេកនៅក្បែម៉ូតូនោះផង បន្សល់នូវតែខ្មោចសត្វឆ្កែនិងសត្វឆ្មាចំនួន២ក្បាល ព្រមទាំងសាច់សត្វមាន់ប្រឡាក់ថ្នាំពុលច្រើនដុំតូចៗរាយប៉ាយជុំវិញផ្ទះ ត្រូវបានសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវនិងសន្ថានថា ជាករណីដាក់ថ្នាំពុលសម្លាប់សត្វលួចទ្រព្យសម្បត្តិសម្ភារប្រជាពលរដ្ឋធ្វើឡើងដោយជនមិនស្គាល់អត្តញ្ញាណ៕
ដោយ៖ ប៉ឹម ពិន